សេចក្តីផ្តើម
ជាទូទៅការបើក និងបិទសហគ្រាស ឬគ្រឹះស្ថានមួយមិនមែនជាការងាយស្រួលនោះទេ ។
ការបើកសហគ្រាសត្រូវមានការទទួលស្គាល់ពីក្រសួងទទួលបន្ទុក ឬក្រសួងអាណាព្យាបាល ចំណែកឯការបិទសហគ្រាសវិញក៏ត្រូវតែជូនដំណឹងអំពីការបិទនេះផងដែរបើយោងតាមនីតិវិធីច្បាប់
។ សហគ្រាស គ្រឹះស្ថានគឺជាផ្នែកមួយនៃផលិតកម្ម
ហើយការផលិតទៀតសោតត្រូវការប្រើប្រាស់គ្រឿងយន្ត និងកម្មករនិយោជិតជាច្រើន ចំណែកនិយោជកជាអ្នកដែលមានអធិនភាព ចំពោះកម្មករនិយោជិត របស់ខ្លួនតាមច្បាប់ការងារកម្ពុជាឆ្នាំ១៩៩៧ ។
យោងតាមច្បាប់រូបវ័ន្តបុគ្គល ឬ នីតិបុគ្គលជាសាធារណៈឬឯកជនទាំងអស់នឹងទុកជានិយោជកដែលបង្កើតសហគ្រាសតាមន័យនៃច្បាប់នេះ
លុះត្រាតែបុគ្គលទាំងនោះមានប្រើកម្មករ និងនិយោជិតម្នាក់ ឬច្រើននាក់
ទោះបីមិនជាប់លាប់ក៏ដោយ លើសពីនេះសហគ្រាសនីមួយៗ អាចមានគ្រិះស្ថានច្រើន
ហើយគ្រិះស្ថាននីមួយៗ
នោះអាចប្រើមនុស្សមួយក្រុមធ្វើការរួមគ្នាក្នុងកន្លែងណាមួយជាក់លាក់ ដូចជារោងចក្រ
រោងជាង ការដ្ឋាន...ក្រោមការគ្រប់គ្រង និងដឹកនាំរបស់និយោជក ។
ដូច្នោះក្នុងនាមនិយោជកសហគ្រាសមួយ ថាតើត្រូវមានកាតព្វកិច្ចយ៉ាងដូចម្តេចចំពោះសហគ្រាស
ក៏ដូចជាកម្មករនិយោជិតរបស់ខ្លួន ។ ម៉្យាងវិញទៀត
ថាតើសហគ្រាសមានកាតព្វកិច្ចទទួលខុសត្រូវដូចម្តេចដើម្បីដំណើការរបស់សហគ្រាសល្អប្រសើរ
និងមានភាពត្រឹមត្រូវតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាជាធរមាន ។
លើសពីនេះទៅទៀតក្រៅពីកាតព្វកិច្ចតាមផ្លូវច្បាប់
ថាតើសហគ្រាសត្រូវមានកាតព្វកិច្ចយ៉ាងដូចម្តេចដែរចំពោះការទទួលខុសត្រូវរបស់ម្ចាស់សហគ្រា
(និយោជក) ចំពោះអនាម័យ និងសន្តិសុខរបស់កម្មករនិយោជិត ។
ផ្នែកទី១ កាតព្វកិច្ចរបស់សហគ្រាស
ជំពូកទី១ និយមន័យនៃសហគ្រាស
សហគ្រាស
គឺជាគ្រឹះស្ថាន ឫអង្គការជាការរបស់រាជការ
ឫរបស់របស់ឯកជនសម្រាប់ទទួលធ្វើ្ ការធំៗ ដូចជា ស្ថាបនាស្ពាន ស្ថាបនាថ្នល់ជាដើម ។
ឧទាហរណ៍ៈ សហគ្រាសទទួលធ្វើស្ពាន ប្រគល់មុខសំណង់ទៅឲ្យសហគ្រាស
។ ចំណែកពាក្យ សហគ្រិន គឺជាម្ចាស់សហគ្រាស
ឫជនអ្នកកាន់កាប់សហគ្រាស ។
ជំពូកទី២
កាតព្វកិច្ចរបស់សហគ្រាស
កថាខណ្ឌទី១ ការចុះបញ្ជីការរបស់សហគ្រាស
នៅក្នុងប្រទេសជាច្រើនមុននឹងបុគ្គលណាម្នាក់ ឬ ក្រុមហ៊ុនមួយអាចបើកអាជីវកម្មបានពួកគេត្រូវជួលកម្មករនិយោជិត
ហើយដំណើរការអាជីវកម្មបុគ្គល ឬក្រុមហ៊ុននោះ
ត្រូវចុះបញ្ជីការជាមួយរដ្ឋាភិបាល ។
និយោជកទាំងអស់ដែលគ្រប់គ្រងដោយច្បាប់ការងារតម្រូវឲ្យធ្វើ
និងបញ្ជូនទៅក្រសួងទទួលបន្ទុកវិស័យការងារនូវសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស ។
ជាទូទៅនិយោជកត្រូវចុះបញ្ជីការជាមួយ ក្រសួងទទួលបន្ទុកវិស័យការងារ
មុនពេលផ្ដើមដំណើរការ ប៉ុន្តែមានករណីលើកលែងចំពោះនិយោជកសហគ្រាសតូចៗខ្លះ ។
សហគ្រាសណាមួយដែលជួលកម្មករនិយោជិតតិចជាងប្រាំបីនាក់ហើយដែលសហគ្រាសនោះ មិនបានប្រើប្រាស់គ្រឿងចក្រក្នុងមុខជំនួញរបស់ខ្លួនទេនោះ
អាចផ្ញើរសេចក្ដីជូនដំណឹង បើកសហគ្រាសជូនក្រសួង ទទួលបន្ទុកវិស័យការងារក្នុងរយះពេលសាមសិប(៣០)ថ្ងៃក្រោយបើកសហគ្រាស ។
សហគ្រាសឯទៀតទាំងអស់ត្រូវផ្ញើរសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាសរបស់ខ្លួនទៅក្រសួងទទួលបន្ទុកវិស័យការងារ ការងារ មុនបើកសហគ្រាស ។
និយោជកទាំងអស់ដែលត្រូវបានអនុវត្តច្បាប់ការងារនេះ ត្រូវធ្វើសេចក្ដីប្រកាសជូនដំណឹងទៅក្រសួងទទួលបន្ទុកវិស័យការងារនៅពេលបើកសហគ្រាសគ្រឹះស្ថាន ។សេចក្ដីប្រកាសជូនដំណឹង
នេះហៅថាសេចក្ដីប្រកាសជូនដំណឹងបើកគ្រឹះស្ថាន ដែលត្រូវធ្វើជាលាយលក្ខណ៍អក្សរ
និងដាក់ជូនក្រសួងទទួលបន្ទុកវិស័យការងារនៅមុនពេលបើកសហគ្រាសគ្រឹះស្ថានជាស្ថាពរ ។
ក្រសួងទទួលបន្ទុកវិស័យការងារមានការទទួលខុសត្រូវក្នុងការធ្វើបទបញ្ជា ដើម្បីបញ្ជាក់ពីនីតិវិធីតម្រូវឲ្យមាន
និងខ្លឹមសារនៃសេចក្ដីប្រកាសជូនដំណឹងបើក និងបិទសហគ្រាស ។ នៅថ្ងៃទី ២១ ខែ មេសា ឆ្នាំ
១៩៩៧ ក្រសួងទទួលបន្ទុកវិស័យការងារបានចេញប្រកាសលេខ ១៤៧-៩៧ ស្ដីពី “សេចក្ដីប្រកាសជូនដំណឹងបើក និងបិទសហគ្រាសគ្រឹះស្ថាន” ។
ប្រកាសលេខ ១៤៧-៩៧ តម្រូវឲ្យសហគ្រាសធ្វើកិច្ចការបីយ៉ាងនៅពេលបើកសហគ្រាសគឺៈ
១-ដាក់ជូនពិនិត្យជាមុននូវគម្រោងផែនទីសំណងផ្សេងៗ
ដូចជារោងចក្ររោងជាង ឬការិយាល័យនីមួយៗ ។
សហគ្រាសត្រូវដាក់ជូនពិនិត្យនៅនាយកដ្ឋានពេទ្យការងារនូវផែនទីរួមរបស់សហគ្រាសដោយមានទាំងប្រព័ន្ធការពារអគ្គីភ័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត
អាចផឹកបានប្រព័ន្ធបញ្ជេញទឹកសំអុយឃ្លាំងទុកផលិតផលដែលមានគ្រោះថ្នាក់ កន្លែងដាក់សំរាម
និងកាកសំណល់របស់រោងចក្រ ។
២-សំណុំលិខិតនៃសេចក្ដីប្រកាសជូនដំណឹងបើកសហគ្រាស យកតាមគំរូក្នុងឧមសម្ព័ន្ធទី
១ នៃប្រកាសលេខ ១៤៧-៩៧ ។ នៅក្នុងគំរូសេចក្ដីជូនដំណឹងបើកនោះរួមមានៈ
‒
នាមរបស់សហគ្រាស នាម និងសញ្ជាតិម្ចាស់ ឬនាយក
‒
អាស័យដ្ធានសហគ្រាស
‒
យុត្តាធិការសហគ្រាស
‒
ប្រភេទសកម្មភាពសហគ្រាស
៣-សំណុំលិខិតនៃសេចក្ដីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិក
យកតាមគំរូឧបសម្ព័ន្ធទី ២ នៃប្រកាសលេខ ១៤៧-៩៧ ។ សេចក្តីប្រកាសជូនដំណឹងអំពីចលនាបុគ្គលិក
មានរាយបញ្ជីកម្មករនយោជិកទៅតាមប្រភេទការងារដែលគេធ្វើ (អ្នកត្រួតពិនិត្យនយោជិត
ការិយាល័យកម្មករមានជំនាញខ្ពស់ កម្មករមានជំនាញមធ្យម ។ លើសពីនេះទៀតត្រូវរួមបញ្ចូលទាំងពត៌មានខាងក្រោមនេះសម្រាប់កម្មករនយោជិកម្នាក់ៗ៖
‒
ឈ្មោះពេញ
‒
ភេទ
‒
ថ្ងៃ ខែ ឆ្នាំកំណើត
‒
លេខកាតសម្គាល់ខ្លួនរបស់កម្មករនិយោជិត
‒
ប្រាក់ឈ្នួល
‒
របៀបបើកប្រាក់ឈ្នួល
‒
ការបរិច្ឆេទផ្តើមធ្វើការ
‒
តួនាទី
‒
កម្រឹតការសិក្សា និងជំនាញ
ក្រសួងទទួលខុសត្រូវក្នុងការធ្វើប្រកាស
ដើម្បីបញ្ជាក់ពីនីតិវិធីដែលតម្រូវឲ្យមាន និងខ្លឹមសារនៃសេចក្តីប្រកាសជូនដំណឹងបើក
និងបិទសហគ្រាស ។នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០០១ ក្រសួងបាននចេញប្រកាសលេខ ២២៨-២០០១
ស្តីពី “សេចក្តីប្រកាសជូនដំណឹងបើក និងបិទសហគ្រឹះស្ថាន”។ ប្រកាសនេះចែងជាពីទម្រង់បែបបទ ២ ដែលត្រូវដាក់ឲ្យក្រសួង ពិនិត្យដើម្បីបើកសហគ្រាស
។ ទម្រង់បែបបទមួយទាក់ទងទៅនឹងសហគ្រាសផ្ទាល់និងមួយទៀតទាក់ទងនឹងបុគ្គលិកដែលធ្វើការនៅទីនេះ។
ដូចនេះនិយោជកទាំងអស់ដែលត្រូវអនុវត្តច្បាប់ការងារនេះត្រូវធ្វើសេចក្តីប្រកាសជូនដំណឹងទៅក្រសួង
ទទួលបន្ទុកវិស័យការងារនៅពេលបើកសហគ្រាសគ្រឹះស្ថាន ។សេចក្តីប្រកាសជូនដំណឹង នេះហៅថាសេចក្តី
ប្រកាសជូនដំណឹងបើកសហគ្រាសគ្រឹះស្ថាន ដែលត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ
និងដាក់ជូនក្រសួងទទួលបន្ទុកវិស័យការងារនៅមុនពេលបើកសហគ្រាសគ្រឹះស្ថានជាស្ថាពរ ។
និយោជក ដែលមានប្រើកម្មករនិយោជិកធ្វើការជាប់លាប់តិចជាងប្រាំបីនាក់ហើយគ្មានប្រើប្រាស់គ្រឿងយន្តត្រូវធ្វើ
សេចក្តីប្រកាស ជូនដំណឹងនេះទៅក្រសួង
ទទួលបន្ទុកវិស័យការងារក្នុងរយៈពេលសាមសិបថ្ងៃបន្ទាប់ពីថ្ងៃបើកសហគ្រាសគ្រឹះស្ថានជាស្ថាពរ ។
ចំពោះការបិទសហគ្រាសនិយោជក ត្រូវធ្វើសេចក្តីប្រកាសជូនដំណឹង
ទៅក្រសួងទទួលបន្ទុកវិស័យការងារដែរក្នុងរយៈពេល សាមសិប ថ្ងៃបន្ទាប់ពីបិទសហគ្រាសនោះ ។
ប្រកាសក្រសួងទទួលបន្ទុកវិស័យការងារកំណត់អំពីបែប បទនិងនិតិវិធីនៃការធ្វើ
សេចក្តីប្រកាស ជូនដំណឹង បើកនិងបិទសហគ្រាសតាមករណីនីមួយៗ ។
កថាខណ្ឌទី២ សៀវភៅបញ្ជីប្រចាំគ្រិះស្ថាន
និយោជកត្រូវបើកឲ្យមាន
និងរក្សាទុកឲ្យបានត្រឹមត្រូវនូវសៀវភៅបញ្ជីប្រចាំគ្រឹះស្ថានមួយដែលអធិការការងារបានចុះលេខរៀងនិងចុះហត្ថលេខាសង្ខេប ។គំរូនៃសៀវភៅបញ្ជីនោះ
និងមានចែងក្នុងប្រកាសក្រសួងទទួលបន្ទុកវិស័យការងារ ។
នៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ១៩៩៧
ក្រសួងទទួលបន្ទុកវិស័យការងារបានចេញប្រកាសលេខ ៩២-៩៧ ស្ដីពី “សៀវភៅបញ្ជីប្រចាំគ្រឹស្ថាន” ។ ឧបសម្ព័នក្នុងប្រកាសលេខ ៩២-៩៧ មានគំរូក្របខាងក្រៅ
សំរាប់សៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន ដោយមានសំគាល់ពត៌មានដូចជា ឈ្មោះ
និងអាស័យដ្ធានរបស់គ្រឹះស្ថាននិងប្រភេទសកម្មភាពអាជីវកម្មដែលធ្វើ ។ទំព័រគំរូនៃសៀវភៅបញ្ជីប្រចាំគ្រឹះស្ថានគឺជាទំព័រទំនេរដោយមានកន្លែងសំរាប់អធិការការងារចុះហត្ថលេខា ។
មាត្រា២០ មិនបានបញ្ជាក់គោលបំណងជាក់លាក់នៃសៀវភៅបញ្ជីប្រចាំគ្រឹះស្ថានទេប៉ុន្តែមាត្រា២៣៦
យើងបានឃើញថា
បញ្ជីកាជាកន្លែងសំរាប់អធិការការងាររក្សាទុកកំណត់ត្រានិងកំណត់សំគាល់អំពីអនាម័យ
សន្តិសុខ និងអធិការលក្ខខ័ណ្ឌការងារក្នុងគ្រឹះស្ថាន ។
កថាខណ្ឌទី៣ សេចក្តីជូនដំណឹងការផ្លាស់ប្តូរបុគ្គលិក
សេចក្តីប្រកាសជូនដំណឹងនៃទទួលឲ្យធ្វើការ
និងការបញ្ឈប់កម្មករនិយោជិកពីការងារ មិនតម្រូវឲ្យធ្វើចំពោះកម្មករនិយោជិក
បណ្តោះអាសន្នដែលត្រូវជួលសម្រាប់៖
v
ការងារម្តងម្កាលដែលមានថេរៈវេលាតិចជាង
៣០ថ្ងៃជាប់គ្នា ឬ
v
ការងារធ្វើឈប់ ធ្វើឈប់
ដែលមានថេរៈវេលាពិតប្រាកដសម្រាប់ការងារនេះ មិនលើសពីបីខែក្នុងរយៈពេល១២ខែបន្តបន្ទាប់គ្នា ។
សេចក្តីជូនដំណឹងនេះត្រូវធ្វើជាលាយលក្ខអក្សរក្នុងរយៈពេល១៥ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃទទួលឲ្យធ្វើការ
ឬបញ្ឈប់ពីការងារ លើកលែងតែសហគ្រាសខាងកសិកម្មរយៈពេលដល់ទៅ៣ថ្ងៃ ។
ដូចនេះនៅរាល់ពេលដែលទទួលឲ្យធ្វើការ
ឬបញ្ឈប់កម្មករនិយោជិកណាម្នាក់
និយោជកត្រូវធ្វើសេចក្តីប្រកាសជូនដំណឹងទៅក្រសួងទទួលបន្ទុកវិស័យការងារ ។
សេចក្តីប្រកាសជូនដំណឹងនេះ ត្រូវតែធ្វើជាលាយល័ក្ខណ៍អក្សរ ក្នុងរយៈពេលដប់ប្រាំថ្ងៃយ៉ាងយូរ
បន្ទាប់ពីថ្ងៃទទួលឲ្យធ្វើការ ឬ បញ្ឈប់លែងឲ្យធ្វើការ
។ រយៈពេលនេះត្រូវកំណត់ឲ្យដល់សាមសិបថ្ងៃចំពោះសហគ្រាសកសិកម្ម ។
សេចក្តីប្រកាសជូនដំណឹងអំពីការទទួលឲ្យធ្វើការបញ្ឈប់កម្មករនិយោជិកខាងលើនេះមិនអនុវត្តចំពោះ
៖
‒
ការងារម្តងម្កាលដែលមានថេរវេលាជាប់គ្នាចំនួនតិចជាងសាមសិបថ្ងៃ
។
‒
ការងារធ្វើឈប់ធ្វើឈប់ដែលថេរវេលាពិតប្រាកដសំរាប់ការងារនេះមិនលើសពីបីខែក្នុងរយៈពេលដប់ពីរខែបន្តបន្ទាប់គ្នា
។
កថាខណ្ឌទី៤ សៀវភៅការងារ
សៀវភៅការងារជាកំណត់ត្រានៃប្រវត្តិការងារបុគ្គលម្នាក់ៗ ។
គោលបំណងដែលបានពោលមកនៃសៀវភៅការងារគឺដើម្បីបញ្ជាក់អត្តសញ្ញាណរបស់កម្មករនិយោជិតហើយសម្រាប់បញ្ជាក់ការងារនីមួយៗ
ដែលធ្វើដើម្បីបញ្ជាក់ប្រភេទការងារប្រាក់ឈ្នួល និងរបៀបបើកប្រាក់ឈ្នួល
ហើយពេលទទួលឲ្យធ្វើការ និងពេលបញ្ឈប់បុគ្គលណាម្នាក់ពីការងារ ។
វាជាការខុសច្បាប់ចំពោះនិយោជកដាក់ចូលក្នុងសៀវភៅការងារនូវការវាយតម្លៃកម្មករនិយោជិត ។
វាក៏ជាការខុសច្បាប់ចំពោះអ្នកណាម្នាក់យកសៀវភៅការងារទៅប្រើប្រាស់ ដើម្បីគោលបំណងផ្សេងៗជាជាងការបញ្ជាក់អំពីពត៌មានដែលមានចែងក្នុងច្បាប់
។
កម្មករនិយោជិតទទួលខុសត្រូវក្នុងការរកសៀវភៅការងារពីអធិការការងារ ។ កម្មករនិយោជិតត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណ
ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច ហើយនិងវិញ្ញាប័ត្រមុខរបរដែលចេញអោយដោយនិយោជកហើយត្រូវបង់ជូនថវិការជាតិនូវអាករដែលមានអត្រានិងរបៀបទទួលប្រាក់ដូចមានកំណត់ក្នុងប្រកាសរួមនៃក្រសួងហិរញ្ញវត្ថុ
និងក្រសួងទទួលបន្ទុកវិស័យការងារ ។
នៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ១៩៩៣ ក្រសួងសង្គមកិច្ចការងារ និងអតីតយុទ្ធជន
និងក្រសួងហិរញ្ញវត្ថុបានចេញប្រកាសរួមមួយលេខ ៧៩-៩៣ ដែលកំណត់ប្រាក់ចំនួន
១៥០០រៀលសំរាប់សៀវភៅការងារសម្រាប់កម្មករនិយោជិតមានសញ្ជាតិខ្មែរ ។ ប្រកាសរួមលេខ
៧៩-៩៣ ត្រូវបានដាក់ចេញដើម្បីអនុវត្តច្បាប់ការងារឆ្នាំ ១៩៩២
ដែលបានតម្រូវការចាំបាច់សំរាប់សៀវភៅការងារ ។ នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ១៩៩៧
ក្រសួងទទួលបន្ទុកវិស័យការងារបានចេញសេចក្ដីជូនដំណឹងលេខ ១៣-៩៧ ដែលបញ្ជាក់តម្លៃចំនួន
១៥០០ រៀលគត់ ។ ប្រកាសនេះត្រូវទុកជានារាករណ៍ដោយប្រកាសលេខ៥៦ស.ក.ប.យ. នាថ្ងៃទី២០-០៣-២០០១ដែលនៅតែរក្សាអត្រានេះដដែល
ហើយអាករនេះត្រូវបានកំណត់ឲ្យបង់តែម្ដងគត់ ។
និយោជកក៏មានការទទួលខុសត្រូវខ្លះចំពោះសៀវភៅការងារដែរ ។ ទីមួយនិយោជកមិអនុញ្ញាត
អោយទទួលបុគ្គលណាម្នាក់ជាកម្មករនិយោជិតទេលុះត្រាតែបុគ្គលនោះមានសៀវភៅការងារ ។
ទីពីរមាត្រា៣៧តម្រូវអោយនិយោជកធ្វើការកំណត់សំគាល់ក្នុងសៀវភៅការងារ
ពេលនិយោជកទទួលអោយធ្វើការ និងពេលបញ្ឈប់កម្មករនិយោជិតណាម្នាក់
ក៏ដូចជាកំណត់សំគាល់លើចំនួនប្រាក់ឈ្នួលរបស់កម្មករនិយោជិត និងការតំឡើងប្រាក់ឈ្នួល ។
កថាខ័ណ្ឌទីពីរនៃមាត្រា ៣៧ ចែងថា “ការកត់ត្រាដោយនិយោជកខាងលើនេះ
ត្រូវតែយកទៅសុំចុះទិដ្ធាការអំពីអធិការការងារ ក្នុងរយះពេលប្រាំពីរថ្ងៃពេញ
ក្រោយពីថ្ងៃចូល ឬឈប់ធ្វើការ” ។
វាមិនច្បាស់លាស់ថាតើនិយោជក ឬកម្មករនិយោជិតដែលតម្រូវអោយបង្ហាញកំណត់ហេតុនេះទៅអធិការការងារនោះ។លើសពីនេះទៀតតម្រូវអោយបង្ហាញកំណត់ហេតុទៅអធិកាការងារ
ហាក់ដូចជាកាតព្វកិច្ចបន្ថែមលើមាត្រា ២១
ដែលតម្រូវអោយនិយោជកធ្វើសេចក្ដីប្រកាសជូនដំណឹងអំពីការផ្លាស់ប្ដូរបុគ្គលិកទៅ
អធិការការងារក្នុងរយះពេល ១៥ ថ្ងៃនៃការផ្លាស់ប្ដូរនោះ ។
សរុបមកជនដែលមានសញ្ជាតិ្តខ្មែរធ្វើការយកឈ្នួលពីនិយោជកណាមួយត្រូវតែមានសៀវភៅការងារ។
ជនណាក៏ដោយមិនអាចប្រើប្រាស់កម្មករនិយោជិកដែលមិនប្រតិបត្តិតាមបទប្បញ្ញត្តិនៃកថាខ័ណ្ឌខាងលើនេះបានទេ ។
ចំពោះកម្មករដែលធ្វើការយកឈ្នួលតាមរដូវក្នុងចំការអាចមានសៀវភៅការងារ ឬគ្មានក៏បាន ។
សៀវភៅការងារសំរាប់សំគាល់អត្តសញ្ញាណសាមីខ្លួន ។ ប្រភេទការងារដែលជននេះបានចុះកិច្ចសន្យាបន្តៗ
មកទៀត ។ មិនត្រូវយកសៀវភៅការងាររបស់កម្មករ និយោជិក ទៅប្រើប្រាស់ខុសពីគោលដៅនៃការបង្កើតសៀវភៅនេះទេ
។ កាលណាកម្មករនិយោជិកឈប់ធ្វើការឲ្យនិយោជក និយោជកនោះមិនត្រូវចារមូលវិចារអី្វលើសៀវភៅការងារនេះទេ ។សៀវភៅការងារនេះធ្វើដោយអធិការការងារនិងចេញឲ្យតាមសេចក្តីសុំរបស់កម្មករនិយោជិកដែលបង្ហាញលិខិតអត្តសញ្ញាណប័ណ្ណដែលអាជ្ញាធរមានសមត្ថកិច្ចចេញឲ្យហើយនឹងវិញ្ញាបនប័ត្រមុខរបរដែលនិយោជកខ្លួនចេញឲ្យ ។ការចេញសៀវភៅការងារត្រូវបង់ជូនថវិការជាតិនូវអាករដែលមានអត្រា
និងរបៀបទទួលប្រាក់ដូចមានកំណត់ក្នុងប្រកាសរួមនៃក្រសួងហិរញ្ញវត្ថុ
និងក្រសួងទទួលបន្ទុកវិស័យការងារ ។ ការទទួល ឬបញ្ឈប់កម្មករនិយោជិក ប្រាក់ឈ្នួល
និងការតម្លើងប្រាក់ឈ្នួលត្រូវកត់ត្រាក្នុងសៀវភៅការងាររបស់សាមីខ្លួន ។
ការកត់ត្រាដោយនិយោជកខាងលើនេះ ត្រូវតែយកទៅសុំចុះទិដ្ឋាការ អំពីអធិការការងារក្នុងរយៈពេលប្រាំពីរថ្ងៃពេញក្រោយពីថ្ងៃចូល
ឬឈប់ធ្វើការ ។ ការបាត់សៀវភៅការងារ ត្រូវតែប្តឹងទៅអធិការដ្ឋានការងារ ។
កថាខណ្ឌទី៥ សៀវភៅបើកប្រាក់
សៀវភៅបើកប្រាក់
ជាសៀវភៅមួយសម្រាប់កត់ត្រាបញ្ជីនៃកម្មករនិយោជិតដែលមានសិទ្ធិទទួលប្រាក់ឈ្នួល
និងអត្ថប្រយោជន៍ទៀត និងចំនួនប្រាក់ដែលបានបើក ។ មាត្រា ៣៩ នៃច្បាប់ការងារ
តម្រូវឲ្យនិយោជកគ្រប់រូបរក្សាទុកដោយទៀងទាត់ជាដរាប នូវសៀវភៅបើកទឹកប្រាក់ក្នុងការរិយាល័យបេឡា ឬទីចាត់ការនៃសហគ្រាស ។ មានតម្រូវការជាច្រើនសំរាប់ថែរក្សាសៀវភៅបើកប្រាក់នេះ
។
១-មុននឹងយកទៅប្រើសៀវភៅបើកប្រាក់ត្រូវមានចុះលេខគ្រប់ទំព័រ
និងចុះហត្ថលេខាសង្ខេបដោយអធិការការងារ ។
២- អធិការការងារអាចទារកសៀវភៅនេះនៅគ្រប់ពេលវេលា
។
៣- កាលណាប្រើសៀវភៅនេះគ្រប់ទំព័រអស់ និយោជកត្រូវយកទុកថែរក្សាអោយគង់ក្នុងរយះបីឆ្នាំ
។
សៀវភៅបើកប្រាក់ត្រូវកត់ត្រាពត៌មាន
:
១-ស្ដីពីកម្មករនិយោជិតម្នាក់ៗ
២-ពត៌មានដែលទាក់ទងនឹងការងារដែលបានធ្វើអំពីប្រាក់ឈ្នួលនិងការឈប់សំរាករបស់កម្មករនិយោជិតម្នាក់ៗ
នៅថ្ងៃទី ២៦ ខែ មិនា
ឆ្នាំ ១៩៩៧ ក្រសួងទទួលបន្ទុកវិស័យការងារបានចេញប្រកាសលេខ ៩៣-៩៧
ស្ដីពី “ឧបសម្ព័ន្ធទី ១ នៃប្រកាសលេខ ៩៣-៩៧
ជាទំព័រគំរូនៃបែបបទសៀវភៅបើកប្រាក់ដែលក្រសួងទទួលបន្ទុកវិស័យការងារបានយល់ព្រមអោយប្រើ ។
នៅក្នុងការអនុវត្តន៍ក្រសួងទទួលបន្ទុកវិស័យការងារបានរៀបចំថតចម្លងសៀវភៅបើកប្រាក់ដែលនិយោជកបានទទួល(សម្រាប់ការបង់ថ្លៃ)នៅពេលគេចុះបញ្ជីការជាមួយក្រសួងទទួលបន្ទុកវិស័យការងារ ។ ប្រកាសនេះត្រូវចាត់ទុកជានិរាករណ៍ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០០១ដោយប្រ
កាសលេខ ២៦៩ សកបយ ។
សៀវភៅបើកប្រាក់ត្រូវមានកត់ត្រា៖
ក-ពត៌មានស្តីពីកម្មករនិយោជិកម្នាក់ៗនៅក្នុងសហគ្រាស ។
ខ-លក្ខណៈសំគាល់អំពីការងារដែលបានធ្វើ អំពីប្រាក់ឈ្នួលហើយនិងការឈប់សំរាក ។
កថាខណ្ឌទី៦ បទបញ្ជាផ្ទៃក្នុង
យោងតាមមាត្រា ២២ នៃច្បាប់ការងារ ឆ្នាំ ១៩៩៧ និយោជកដែលមានកម្មករនិយោជិត
៥នាក់ ឬច្រើនជាងនេះត្រូវតែមានបទបញ្ជាផ្ទៃក្នុង ។កម្មករនិយោជិតនិងនិយោជកត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងនេះ។
ចំណុចទី ១ មាតិកានៃបទបញ្ជាផ្ទៃក្នុង
បទបញ្ជាផ្ទៃក្នុងសម្រាប់សហគ្រាស
ឬគ្រឹះស្ថានត្រូវតែអនុវត្តតាមបទប្បញ្ញត្តិទូទៅនៃច្បាប់ការងារ និងអនុសញ្ញារួមពាក់ព័ន្ធនឹងផ្នែកនិងសកម្មភាពរបស់សហគ្រាសគ្រឹះស្ថានរួមមានបទប្បញ្ញត្តិដែលទាក់ទងទៅនឹង៖
‒
ការជួលឲ្យធ្វើការ
‒
ការគិត និងការបើកប្រាក់ឈ្នួល
និងកម្រៃបន្ទាប់បន្សំ
‒
តាវកាលិកជាវត្ថុ
‒
ពេលម៉ោងធ្វើការ
‒
ពេលសម្រាក និងការឈប់សម្រាក
‒
ការឲ្យដំណឹងមុន
‒
វិធានការសន្តិសុខ
និងអនាម័យកម្មករនិយោជិត
‒
កាតព្វកិច្ចកម្មករនិយោជិត
‒
ទណ្ឌកម្មដែលអាចតម្រូវទៅលើកម្មករនិយោជិត
‒ បទប្បញ្ញត្តិបន្ថែមទៀតតម្រូវឲ្យមានដោយអធិការការងារដែលមាននៅក្នុងបទបញ្ជានិងនៅក្នុងច្បាប់បច្ចុប្បន្ន
។
បទប្បញ្ញត្តិជាច្រើននៃច្បាប់ការងារ
គឺជាមូលដ្ឋានគ្រិះអប្បបរមាហើយនៅក្រោមច្បាប់កាងារ កម្មករនិយោជិតមានសិទ្ធិ
ចុះអនុសញ្ញារួមជាមួយនិយោជក ។ បទបញ្ជាផ្ទៃក្នុងទាំងអស់ មិនអាចគៀបសង្កត់
ឬកំណត់សិទ្ធិរបស់កម្មករនយោជិត ដែលធានាដោយច្បាប់ បទបញ្ជា ឬអនុសញ្ញារួមឡើយ ។ និយោជកមានសេរីភាព
ក្នុងការធ្វើឲ្យមូលដ្ឋានគ្រិះអប្បបរមានេះ មានប្រយោជន៍ដល់កម្មករនិយោជិតច្រើនជាង
ប៉ុន្តែមូលដ្ឋានគ្រិះអប្បបរមាគឺមិនអាចបន្ថយបានទេ ។
ចំណុចទី២
នីតិវិធីសម្រាប់អនុម័តបទបញ្ជាផ្ទៃក្នុង
បទបញ្ជាផ្ទៃក្នុងត្រូវតែរៀបចំធ្វើក្នុងរយៈពេលបីខែ ក្រោយពេលបើកសហគ្រាស។ទោះយ៉ាងណាមាត្រា២៤ បានចែងថានាយកសហគ្រាសត្រូវពិគ្រោះជាមួយតំណាងកម្មករនិយោជិតជាមុនសិន ។
បទបញ្ជាផ្ទៃក្នុងនេះមុននឹងដាក់ឲ្យប្រើត្រូវតែទទួលទិដ្ឋាការពីអធិការការងារជាមុន។អធិកាការងារ
ត្រូវចុះទិដ្ឋការលើបទបញ្ជាផ្ទៃក្នុង ក្នុងរយៈពេល ៦០ថ្ងៃ ។
ប៉ុន្តែច្បាប់ការងារមិនបានចែងថានឹងមានអ្វីកើតឡើងប្រសិនបើអធិការការងារមិនបានចុះទិដ្ឋាការលើបទបញ្ជាផ្ទៃក្នុងក្នុងអំឡុងពេលណាទេ
។
ចំណុចទី៣
បទប្បញ្ញត្តិស្តីពីការដាក់ទោសវិន័យនៅក្នុងបទបញ្ជាផ្ទៃក្នុង
កម្មករនិយោជិតអាចត្រូវបានព្យួរការងារសម្រាប់មូលហេតុស្របច្បាប់មួយចំនួន
ស្របទៅតាមបទបញ្ជាផ្ទៃក្នុង ។ មានទង្វើជាច្រើនទៀតដែលអាចចាត់ចូលជាកំហុសធ្ងន់ក្រៅពីអ្វីដែលមានចែងនៅក្នុងមាត្រា
៨៣ ទង្វើទាំងនេះអាចមានកំណត់ក្នុងបទបញ្ជាផ្ទៃក្នុង
។ ទោះយ៉ាងណា និយោជកមិនអាចប្រើប្រាស់បទបញ្ជាផ្ទៃក្នុងដោយចេតនាដើម្បីឈាន ទៅរកវិធានការដាក់ទោសវិន័យកម្មករនិយោជិត
ឡើយ ។
ប្រសិនបើនិយោជិតរំលោភបទបញ្ជាផ្ទៃក្នុង និយោជកមានសិទ្ធិដាក់ទោសវិន័យ ។
ផ្នែកដែលចែងពីបទបញ្ជាផ្ទៃក្នុង នៅក្នុងច្បាប់ការងារ
មានបញ្ញត្តិការពារកម្មករនិយោជិតពីការអនុវត្តដោយរំលោភនូវអំណាចដាក់ទោសវិន័យ ។
មាត្រាទាំងនេះចែងថា៖
·
និយោជកត្រូវចាត់វិធានការដាក់ទោសវិន័យដល់កម្មករនិយោជិតក្នុងរយៈពេល១៥ថ្ងៃ(និងប្រសិនបើចង់បញ្ឈប់ត្រូវចាត់វិធានការក្នុងរយៈពេល
៧ថ្ងៃ) បន្ទាប់ពីពេលដែលនិយោជកខ្លួនឯង ឬតំណាងណាម្នាក់របស់និយោជកបានដឹង ពីកំហុសនោះ ។
·
ទោសវិន័យត្រូវតែជាសមាមាត្រស្របទៅនឹងទម្ងន់នៃកំហុស ។
អធិការការងារ មាននីតិសម្បទារក្នុងការត្រួតពិនិត្យ ភាពសមាមាត្រនេះ ។
· និយោជកមិនត្រូវធ្វើការពិន័យជាប្រាក់
ឬដាក់ទោសវិន័យទ្វេរមួយជាពីរចំពោះកំហុសដដែលៗតែមួយ
។ ការពិន័យជាប្រាក់ មានន័យថា
វិធានការទាំងឡាយដែលនាំឲ្យមានការកាត់បន្ថយប្រាក់ឈ្នួលរបស់កម្មករនិយោជិកដែលត្រូវទទួលបានជាធម្មតាដោយការបំពេញការងារនេះ ។
ចំណុចទី ៤
បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានតូចៗ
សហគ្រាស ឬគ្រឹះស្ថានតូចៗដែលបានប្រើកម្មករនិយោជិតជាង៨នាក់មិនចាំបាច់ធ្វើបទបញ្ជាផ្ទៃក្នុងទេ ។
ប្រសិនបើសហគ្រាស ឬគ្រឹះស្ថានតូចៗមិនបានធ្វើបទបញ្ជាផ្ទៃក្នុងទេ
និយោជកអាចដាក់ទោសវិន័យ រួមទាំងការព្រមានផ្ទាល់មាត់ ក្នុងការព្យួរការងាររហូតដល់ទៅ
៦ថ្ងៃ ឬការបញ្ឈប់កម្មករនិយោជិតដោយមាន ឬការគ្មានការឲ្យដំណឹងជាមុន ។ ទោះជាយ៉ាងណាក៏ដោយការដាក់ទោសវិន័យ
ត្រូវតែផ្អែកទៅតាមទំហំនៃទោសកំហុសរបស់សាមីខ្លួន ។
ដូចនេះនិយោជកនៃសហគ្រាស ឬគ្រឹះស្ថាន ដែលមានចែងក្នុងមាត្រា១៧ ហើយដែលមានកម្មករ
និយោជិកយ៉ាងតិចប្រាំបីនាក់ ត្រូវតែរៀបចំឲ្យមានបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាសមួយជាដរាប ។
បទបញ្ជាផ្ទៃក្នុងអនុវត្តបទប្បញ្ញតិ្តទូទៅនៃច្បាប់នេះតាមប្រភេទសហគ្រាស គ្រឹះស្ថាន
នឹងអនុសញ្ញារួមនៃការងារ ដែលស្តីអំពីផ្នែកសកម្មភាពនៃសហគ្រាស ។ពោលមកនេះជាអាទិ៍គឺបទប្បញ្ញតិ្តទាក់ទង
និងល័ក្ខខ័ណ្ឌទទួលធ្វើការការគិតនិងការបើកប្រាក់ឈ្នួល
និងកំរៃបន្ទាប់បន្សំតាវកាលិកជាវត្ថុពេលម៉ោងធ្វើ ពេលសំរាក និងការឈប់សំរាកការឲ្យដំណឹងមុនវិធានការអនាម័យនិងសន្តិសុខកម្មករនិយោជិត
កាតព្វកិច្ចកម្មករនិយោជិត និងទណ្ឌកម្មករដែលនឹងអាចតម្រូវលើកម្មករនិយោជិត ។បទបញ្ជាផ្ទៃក្នុងត្រូវតែរៀបចំដោយនាយកសហគ្រាស
គ្រឹះស្ថាន
ក្រោយពីបានពិគ្រោះនិងតំណាងកម្មករនិយោជិកក្នុងរយៈពេលបីខែបន្ទាប់ថ្ងៃបើកសហគ្រាស
ឬរយៈពេលបីខែក្រោយពីការប្រកាសឲ្យប្រើច្បាប់នេះ ប្រសិនបើសហគ្រាសកើតរួចមកហើយ ។
បទបញ្ជាផ្ទៃក្នុងនេះ មិននឹងដាក់ឲ្យប្រើត្រូវតែបានទទួលទិដ្ឋការអំពីអធិការការងារជាមុន ។
ទិដ្ឋាការនេះត្រូវចេញឲ្យមិនលើសពីរយៈពេលហុកសិបថ្ងៃ ។ប្រកាសទាំងឡាយនៃបទបញ្ជាផ្ទៃក្នុងត្រូវចាត់ជាមោឃៈដោយចេញច្បាប់ក្នុងករណីដែលប្រការទាំងឡាយនៃបទបញ្ជាក្នុងនោះអាចនឹងលុបចោលឬកំរិតសិទ្ធិរបស់កម្មករនិយោជិកដែលសិទិ្ធទាំងនោះមានចែងក្នុងច្បាប់
និងបទបញ្ជាទាំងឡាយមានជាធរមាន ឬមានចែងក្នុងអនុសញ្ញា ឬកិច្ចព្រមព្រៀងរួម
ដែលអនុវត្តនៅក្នុងគ្រឹះស្ថាន ។អធិការការងារត្រូវតែបង្ខំឲ្យដាក់បញ្ចូលក្នុងបទបញ្ជាផ្ទៃក្នុងនូវបទប្បញ្ញតិ្តទាំងឡាយដែលត្រូវតែអនុវត្តដោយផ្អែកទៅលើច្បាប់
និងបទបញ្ជាទាំងឡាយជាធរមាន ។ និយោជកមិនអាចដាក់ទោសវិន័យដល់កម្មករនិយោជិកណាម្នាក់ដែលមានកំហុសដែលនិយោជកខ្លួនឯងឬតំណាងណាម្នាក់របស់និយោជកបានដឹងអំពីកំហុសនោះក្នុងរយៈពេលលើសពីដប់ប្រាំថ្ងៃ។
កាលបើកម្មករនិយោជិកមានធ្ងន់ ហើយនិយោជកមិនបានចាត់វិធានការបញ្ឈប់ក្នុងរយៈពេលប្រាំពីរថ្ងៃចាប់ពីថ្ងៃដែលខ្លួនបានទទួលដំណឹងអំពីកំហុសធ្ងន់នេះ
និយោជក ត្រូវបានទុកជាការបោះបង់សិទិ្ធនោះចោលហើយ ។ទោសវិន័យត្រូវតែជាសមាមាត្រស្របទៅនឹងទំងន់នៃកំហុស។ អធិការការងារមាននីតិសម្បទាក្នុងការត្រួតពិនិត្យភាពសមាមាត្រនេះ ។និយោជកមិនត្រួវធ្វើការពិន័យជាប្រាក់
ឬដាក់ទោស វិន័យទេ្វមួយជាពីរចំពោះកំហុសដដែលៗតែមួយ ។ការពិន័យជាប្រាក់មានន័យថាវិធានការទាំងឡាយ
ដែលនាំឲ្យមានការកាត់បន្ថយប្រាក់ឈ្នួលរបស់កម្មករនិយោជិកដែលត្រូវទទួលបានជាធម្មតាដោយការបំពេញការងារ
នេះ ។ បទបញ្ជាផ្ទៃក្នុង ត្រូវតែផ្សព្វផ្សាយ និងបិទនៅទីណាមួយដ៏សមរម្យ
អាចចូលទៅមើលបានដោយងាយក្នុងកនែ្លងធ្វើការហើយនិងនៅមានត់ទ្វារបន្ទប់សំរាប់ទទួលយកកម្មករឲ្យធ្វើការ
។ បទបញ្ជាផ្ទៃក្នុងនេះ ត្រូវតែរក្សាទុកដាក់ឲ្យបានល្អអានច្បាស់ជាដរាប ។
ការកែប្រែគ្រប់យ៉ាងនៃបទបញ្ជាផ្ទៃក្នុងត្រូវតែធ្វើតាមបទប្បញ្ញតិ្តស្តីពីសហគ្រាសគ្រឹះស្ថាននេះ
។ នៅក្នុងសហគ្រាស ឬគ្រឹះស្ថានទាំងឡាយណាដែលមានប្រើកម្មករនិយោជិកតិចជាងប្រាំបីនាក់ហើយដែលគ្មានបទបញ្ជាផ្ទៃក្នុងនិយោជកអាចធ្វើការព្រមានការសី្តបន្ទោសការព្យួរការងារដោយគ្មានប្រាក់ឈ្មួលដែលមានរយៈពេលមិនលើសពីប្រាំមួយថ្ងៃ
ឬការបញ្ឈប់កម្មករនិយោជិកដោយមាន ឬគ្មានការជូនដំណឹងជាមុន
ដោយផ្អែកតាមទំងន់នៃកំហុសរបស់សាមីខ្លួន ។
កថាខណ្ឌទី៧ អាគារូបដ្ឋាន
អាគារូបដ្ឋាន
គឺគ្រឹះស្ថានដែលនិយោជកលក់ដោយផ្ទាល់ខ្លួន
ឬដោយមានអ្នកជំនួសនូវគ្រឿងឧបភោគផ្សេងៗទៅឲ្យកម្មករនិយោជិក ឬគ្រួសារជនទាំងនោះដើម្បីសេចក្តីត្រូវការផ្ទាល់ខ្លួន
។
អាគារូបដ្ឋាន នឹងអាចអនុញ្ញាតអោយបើកលក់បាន
លុះត្រាតែបំពេញល័ក្ខខ័ណ្ឌបួន យ៉ាងដូចតទៅនេះ៖
១-
មិនត្រូវបង្ខំកម្មករនិយោជិកឲ្យទិញតែនៅទីនោះឡើយ។
២-
មិនត្រូវឲ្យនិយោជកឬអ្នកមើលការជំនួសយកចំណេញក្នុងការលក់ទំនិញនេះកឡើយ ។
៣- គណនេយ្យសំរាប់អាគារូបដ្ឋាននីមួយៗ
ត្រូវឲ្យធ្វើដាច់ដោយឡែកអំពីគណនេយ្យសហគ្រាស។
៤- ថ្លៃគ្រឿងឧបភោគបរិភោគដែលដាក់លក់
ត្រូវបិទផ្សាយឲ្យគេឃើញច្បាស់ ។
ការបើកអាគារូបដ្ឋានត្រូវកំណត់ដោយ ប្រកាសក្រសួងទទួលបន្ទុកវិស័យការងារ ។ អធិការការងារត្រួតពិនិត្យការប្រព្រឹត្តទៅនៃអាគារូបដ្ឋានដែលកម្មការនិយោជិកមានតំណាងជ្រើសរើសនៃសាមីកម្មករ
និយោជិក ចូលរួលមក្នុងការគ្រប់គ្រងផង ។
អធិការការងារអាចបង្ខំឲ្យបិទអាគារូបដ្ឋានជាបណ្តោះអាសន្នរហូតដល់មានសេចក្តីសំរេចជាស្ថាពរពីក្រសួងទទួលបន្ទុកវិស័យការងារ
។
កថាខណ្ឌទី៨
កិច្ចធានា
យោងតាមមាត្រា ៤៤ ការចុះកិច្ចសន្យាការងារ ឬការរក្សាកិច្ចសន្យាការងារ
និយោជកមិនអាចតម្រូវឲ្យមានការធានាជាប្រាក់កាស ឬជាប័ណ្ណសិទ្ធិណាមួយឡើយ
ទោះបីជាក្នុងរូបភាពបែបណាក៏ដោយ ។ និយាយម៉្យាងទៀតថា
គ្មានបុគ្គលណាមួយតម្រូវឲ្យបង់ប្រាក់ ឬដាក់ធានាដើម្បីទទួលបានការងារទេ ។
ជួនកាលនិយោជកចុះកិច្ចសន្យាការងារមួយដែលក្នុងនោះកម្មករនិយោជិតយល់ព្រមឲ្យនិយោជកកាត់
ឬដកប្រាក់ឈ្នួលរបស់ខ្លួនក្នុងរយៈពេលសាកល្បងការងារ ។ការកាត់ប្រាក់ឈ្នួលរបៀបនេះបង្កើតឲ្យមានការដាក់តម្កល់ប្រាក់ដែលនិយោជកត្រូវប្រគល់ឲ្យកម្មករវិញបន្ទាប់ពីពួកគេព្រមបន្តកិច្ចសន្យា
ក្នុងរយៈពេលអប្បបរមាមួយ ។ ក្រុមប្រឹក្សាអាជា្ញកណ្តាលបានកំណត់ថាការធ្វើរបៀបនេះ
គឺរំលោភច្បាប់ការងារ និងត្រូវចាត់ទុកជាមោឃៈភាព ។
សរុបសេចក្តីមកក្នុងការចុះកិច្ចសន្យាការងារ ឬការរក្សាកិច្ចសន្យាការងារ
និយោកមិនអាចតំរូវឲ្យមានកិច្ចធានាជាប្រាក់កាស ឬជាប័ណ្ណសិទិ្ធណាមួយឡើង
ទោះជាក្នុងរូបភាពណាក៏ដោយ ។
ផ្នែកទី២ ការទទួលខុសត្រូវរបស់ម្ចាស់សហគ្រាសចំពោះអនាម័យនិងសន្តិសុខនៃកម្មករនិយោជិត
ជំពូកទី២ ទំនួលខុសត្រូវរបស់ម្ចាស់សហគ្រាស(សហគ្រិន)
កថាខណ្ឌទី១ លក្ខខណ្ឌទូទៅ
ដោយអនុលោមទៅតាមច្បាប់ស្តីពីការងារ
ឆ្នាំ១៩៩៧ បានបញ្ញត្តិត្រង់ ជំពូកទី ៨ ពី “អនាម័យ
និង សន្តិសុខនៃកម្មករនិយោជិត ” ។
ត្រូវយកទៅអនុវត្តលើសហគ្រាសគ្រប់ប្រភេទ ដែលស្ថិតនៅក្រោមច្បាប់ការងារនេះ
លើកលែងតែចំពោះរោងជាង ដែលមានប្រើកម្មករនិយោជិតជាសមាជិកនៃគ្រួសារ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឳពុកម្តាយ
ឬអាណាព្យាបាលតែប៉ុណ្ណោះ ហើយក៏ត្រូវបានយកទៅអនុវត្តផងដែរ ចំពោះសហគ្រាស
ឬរោងជាងទាំងឡាយណា
ទោះជាមានលក្ខណៈជាគ្រួសារក៏ដោយឱ្យតែមានការងារប្រព្រឹត្តទៅដោយឡចំហាយ ឬគ្រឿងយន្ត
ឬអគ្គីសនី ឬឧស្សាហកម្មនោះអាចមានគ្រោះថ្នាក់ ឬខូចសុខភាព ។
កថាខណ្ឌទី២ ការទទួលខុសត្រូវរបស់និយោជក
បើតាមមាត្រា២២៩
គឺថានិយោជកជាអ្នកធានាខុសត្រូវគ្រប់បែបយ៉ាងក្នុងការថែទាំសុខភាពរបស់កម្មកនិយោ ជិតដើម្បីឱ្យមានសុខភាពល្អជានិច្ច ។
ដូច្នេះ តើកាតព្វកិច្ចអ្វីខ្លះដែលនិយោជកត្រូវបំពេញឲ្យបាននោះ?
ចំណុចទី១ កាតព្វកិច្ចទូទៅ
ជាការពិតណាស់ចំពោះបទបញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពីការងារឆ្នាំ១៩៩៧គឺមានលក្ខណៈទូលំទូលាយណាស់ដែលធ្វើឱ្យយើងពុំអាចកំណត់ថា
និយោជកមានកាតព្វកិច្ចអ្វីពិតប្រាកដ និងជាក់ស្តែងសម្រាប់ធានាអនាម័យ
និងសន្តិសុខនៅក្នុងគ្រឹះស្ថាន ឬសហគ្រាស និងកន្លែងធ្វើការរបស់ខ្លួននោះទេ ។
ដូច្នេះយើងត្រូវសិក្សាពីចំណុចនីមួយៗ
ដែលច្បាប់ស្តីពីការងារបានកំណត់ឲ្យនិយោជកត្រូវអនុវត្តតាមនោះ ។
ចំណុចទី២ ការបំភ្លឺ និង សូរសំលេង
និយោជកត្រូវរៀបចំឲ្យអគាររោងជាងទីកន្លែងធ្វើការមានពន្លឺធម្មជាតិ
និងពន្លឺសិប្បនិម្មិតដ៏សមស្រប ពោលគឺធ្វើយ៉ាងណាដើម្បីឲ្យកម្មករ និយោជិត
មើលឃើញច្បាស់ និងមិនរោយភ្នែក ។ ត្រូវផ្តល់ពន្លឺឲ្យបានគ្រប់គ្រាន់និងអាស្រ័យលើប្រភេទការងារ
ដែលមិនបង្ករឲ្យមានភាពហត់នឿយនៅពេលសំឡឹងមើល និងផ្តល់លទ្ធផលមិនល្អនៅពេលអនាគត ។ ឧទាហរណ៍ៈ
ដូចជាមានបញ្ហាភ្នែកមីញ៉ូបជាដើម...។
ចំពោះឯកតាសំរាប់ធ្វើជាខ្នាតនៃពន្លឺ គឺ លុច LUX ។
ឧទាហរណ៌កន្លែងធ្វើចរាចរទៅមកត្រូវបំភ្លឺជាមធ្យមពី ១០០ ទៅ ១៥០លុច, អាហារដ្ឋានត្រូវបំភ្លឺជាមធ្យម ២០០លុច, ចំពោះការងារច្នៃត្បូងគ្រឿងអលង្ការវិញ
ត្រូវបំភ្លឺជាមធ្យម ១៥០០លុចជាដើម ។ ចំពោះប្រព័ន្ធសៀគ្វីនៃការបំភ្លឺមានដូចជា
ខ្សែរភ្លើង ជើងចាប់អំពូល កុងតាក់ ត្រូវរៀបចំទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ
ដើម្បីជៀសវាងបញ្ហាឆក់ ឬក៏ករណីផ្ទុះសេជាដើម ។ ចំណែកឯម៉ាស៊ីនភ្លើង
ត្រូវដាក់នៅឲ្យឆ្ងាយពីកន្លែងធ្វើការ ឬអគារដទៃទៀត ដើម្បីជៀសវាងការរំខានដោយសំលេង ។
ចំណុចទី៣ ការលើកដាក់ទម្ងន់សមស្របតាមកំលាំង
ការលើកដាក់ទម្ងន់ សំរាប់កម្មករនិយោជិតម្នាក់ ឬច្រើននាក់
មានជាអាទិ៍ៈ ការលើក ការដឹក ការដាក់ចុះ ការរុញ
ការអូសទាញ ការរំកិលវត្ថុដែលមានទំងន់ដោយបញ្ចេញកំលាំងពលកម្មផ្ទាល់ ។
ដូច្នេះដើម្បីជៀសវាងកុំឲ្យការលើកដាក់ទម្ងន់មានគ្រោះថ្នាក់ដល់សុខភាពកម្មករនិយោជិតពិសេសកុំឲ្យមានការប៉ះពាល់ឆ្អឹងខ្នងនោះ
និយោជកត្រូវយកចិត្តទុកជាខ្លាំងទៅលើបញ្ហានេះ ។
និយោជកត្រូវមានកាតព្វកិច្ចទទួលខុសត្រូវដូចជាៈ
‒
រៀបចំកញ្ចប់នីមួយៗ
កុំឲ្យទើសទែង និង មិនលើសពី ៥០Kg
‒
រៀបចំផ្លូវឆ្លងកាត់ឲ្យបានជិតបំផុត
និងមិនបង្ករការលំបាកក្នុងការធ្វើដំណើរ
‒
រិះរកមធ្យោបាយបច្ចេកទេសជំនួយក្នុងការលើកដាក់ទម្ងន់
‒
ផ្តល់ការអប់រំបច្ចេកទេសដល់កម្មករនិយោជិតក្នុងការលើកទម្ងន់
។
ម្យ៉ាងវិញទៀត ចំពោះស្រ្តីមានផ្ទៃពោះ ឬស្រ្តីទើបចូលធ្វើការឡើងវិញ បន្ទាប់ពីសំរាលកូន
ក្នុងរយៈពេល ២ ខែដំបូងនោះ គឺមិនអនុញ្ញាតឲ្យលើកទម្ងន់លើសពី ៥Kgទេ។
ចំណុចទី៤ ការរៀបចំបង្គន់អនាម័យ
បញ្ហាបង្គន់អនាម័យគឺជារឿងសំខាន់មួយក្នុងការរៀបចំឱ្យមានក្នុងបរិវេណគ្រឹះស្ថានឫ
ទីកន្លែងធ្វើការឱ្យបានសមរម្យ និង ប្រកបដោយអនាម័យល្អ ហើយអស្រ័យទៅតាមចំនួនកម្មករនិយោជិតផងដែរ។បង្គន់ទាំងអស់ត្រូវបានទទួលបានការថែទាំសំអាតដុសលាងយ៉ាងហោចណាស់មួយដងក្នុងមួយថ្ងៃ
ហើយមានទឹកស្អាតសំរាប់ប្រើប្រាស់ និងសាប៊ូឱ្យបានគ្រប់គ្រាន់ផងដែរ ។
ចំណុចទី៥ កៅអីអង្គុយ សំលៀកបំពាក់ការងារ
ចំពោះកៅអីអង្គុយសំរាប់ធ្វើការងារ គឺត្រូវផ្តល់ឲ្យបានសមរម្យសំរាប់កម្មករនិយោជិតដើម្បីប្រើប្រាស់ទៅតាមសេចក្តីត្រូវការ ។ចំណែកឯសំលៀកបំពាក់ការងារវិញត្រូវ
ក៏ត្រូវការជាចំាបាច់ ក្នុងការធ្វើការងារដើម្បីជៀសវាងពីគ្រោះថ្នាក់ជាយថាហេតុ។
ចំណុចទី៦ ខ្យល់ចេញចូល និង កំដៅ
បញ្ហាខ្យល់ចេញចូលជារឿងសំខាន់មួយដែរដូច្នេះនិយោជកត្រូវចាត់វិធានការសំរាប់ធ្វើឲ្យខ្យល់ចេញចូលបានស្រួល
នឹងសំអាតបរិយាកាសកន្លែងធ្វើការឲ្យបានគ្រប់ពេលវេលា ។
ឧទាហរណ៍ ៖ ដូចជា មានកង្ហារតាមពិដាន
កង្ហារបឺតខ្យល់...។ ចំណែកឯសីតុណ្ហភាពនៃកំដៅវិញ ត្រូវវាស់ជាប្រចាំធ្វើយ៉ាងណាកុំឱ្យក្តៅពេកនឹងត្រជាក់ពេកមានការព្យាករណ៍ទុកដើម្បីត្រៀមការពារជាមុន។
ឧទាហរណ៍ ៖ ដូចជាបើសិនជាក្តៅ ត្រូវចាប់ផ្តើមបាញ់ ទឹកដាក់ដំបូល
ដើម្បីបញ្ចុះសីតុណ្ហភាពសមស្រប រឺក៏ត្រូវមានម៉ាស៊ីនត្រជាក់អាស្រ័យទៅតាមលទ្ធភាព។
ចំណុចទី៧ ការបង្ការភាពអាសន្ន
និយោជកត្រូវរៀបចំឲ្យមានទ្វារពិសេសសំរាប់ការពារពេលអាសន្នកើតឡើងសំរាប់កម្មករនិយោជិត
ហើយមានដាក់សញ្ញាសំគាល់យ៉ាងច្បាស់និងងាយស្រួលអាចចេញចូលបានជាមួយគ្នានេះដែរ
ត្រូវមានបំពង់ពន្លត់អគ្គីភ័យគ្រប់គ្រាន់ ហើយដាក់នៅជិតដៃកម្មករនិយោជិត ។
ម្យ៉ាងវិញទៀត ត្រូវបំប៉នការអប់រំដល់កម្មករនិយោជិតទាក់ទងទៅនឹងភាពអាសន្នកើតឡើងដើម្បីឲ្យពួកគេចេះការពារខ្លួនរួចផុតពីការគ្រោះថ្នាក់ផងដែរ ។
ចំណុចទី៨ អាហារដ្ឋាន
ត្រូវមានការថែទាំសំអាតបរិវេណទទួលទានអាហារ ចង្រ្កានឲ្យមានអនាម័យ និងស្អាតជាប្រចាំ
ហើយត្រូវធានាថាអាហារត្រូវបានរៀបចំត្រឹមត្រូវចំអិនបានល្អ មានអនាម័យមានគុណភាព
និងតំលៃសមរម្យ ។
ចំណុចទី៩ ការទុកដាក់សារជាតិគីមី
សារធាតុគីមី
គឺជារបស់មួយដែលមានគ្រោះថ្នាក់ដូច្នេះត្រូវស្តុកទុកនៅកន្លែងណាដែលបិទជិតដាច់ដោយឡែកពីកន្លែងធ្វើការ
និងត្រូវមានបិទផ្លាកសញ្ញាឲ្យច្បាស់លាស់ និងសរសេរបំរាមជាភាសាខ្មែរ
ឬភាសាបរទេសបើសិនជាអាច ។ចំណែកឯកន្លែងប្រើសារជាតិគីមីវិញ
ត្រូវរក្សាឲ្យបាននូវកំរិតខ្យល់ចេញចូល(ដំឡើងបរិមាណអុកស៊ីសែន)។
ជំពូកទី២ វិធានការត្រួតពិនិត្យសន្តិសុខ និង អនាម័យ
ក្រសួងទទួលបន្ទុកវិស័យការងារនិងក្រសួងពាក់ព័ន្ធ
ត្រូវរៀបចំធ្វើប្រកាសដើម្បីតាមដានត្រួតពិនិត្យការអនុវត្តអំពីសន្តិសុខនិងអនាម័យជាក់លាក់របស់កម្មករនិយោជិតម្នាក់ៗ ។
ដែលប្រកាសទាំងនោះត្រូវពាក់ព័ន្ធដល់៖
‒
គុណភាពទឹកនៃទីកន្លែងធ្វើការ
‒
ការបោសសំអាត
‒
ឋបនភ័ណ្ឌសុខាភិបាលដែលត្រូវមានសំរាប់សេចក្តីត្រូវការរបស់បុគ្គលិក
‒
ភេសជ្ជៈ និងអាហារ
‒
ការស្នាក់នៅជាយថាហេតុរបស់បុគ្គលិក
‒
ប៉ុស្តិការងារ និង
ការរៀបចំអាសនៈធ្វើការ
‒
វិធានការសំរាប់ធ្វើឲ្យខ្យល់ចេញចូលបានស្រួលនិង
ការសំអាតបរិយាកាសកន្លែងធ្វើការ
‒
ឧបករណ៍ការពារផ្ទាល់ខ្លួន និង
សំលៀកបំពាក់ការងារ
‒
ពន្លឺ
និងសំលេងក្នុងកន្លែងធ្វើការ ។
ជាមួយគ្នានេះដែរបញ្ហាធានាសុវត្ថិភាពក៏ត្រូវរៀបចំយ៉ាងល្អសំរាប់កម្មករនិយោជិត។ចំពោះគ្រឿងម៉ាស៊ីនគ្រឿងយន្តបរិធានសំរាប់ការបញ្ជូនឧបករណ៍តូចធំ
និងម៉ាស៊ីនត្រូវដាក់ និងរៀបចំក្នុងលក្ខខណ្ឌប្រសើរបំផុតនៃសន្តិសុខ ។
ប្រកាសទាំងនោះ
ក៏កំណត់ផងដែរនូវវិធានការសំរាប់អនុវត្តពិសេសដែលពាក់ព័ន្ធដល់៖
‒
ហានិភ័យនៃការជ្រុះធ្លាក់វត្ថុ
ឬគ្រឿងចក្រ
‒
ការប្តូរទីតាំងនៃវត្ថុធ្ងន់ៗ
‒
ការការពារម៉ាស៊ីន និង
បរិស្ថានដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់
‒
វិធានការពារដែលត្រូវចាត់ចែងឲ្យមានក្នុងករណីធ្វើការងារក្នុងកន្លែងចង្អៀតឬស្ថានភាពការងារ
ដាច់តែឯង
‒
ហានិភ័យនៃការហៀរចេញវត្ថុរាវ
ប្រេងរំអិល ក្លិន
‒
ការការពារអគ្គីភ័យ។
ដូច្នេះអធិការការងារ និងអភិបាលការងារជាអ្នកត្រួតពិនិត្យលើសន្តិសុខ
អនាម័យ និងសុវត្ថិភាពការងារ ហើយអធិការពេទ្យការងារ និងអ្នកជំនាញខាងសន្តិសុខត្រូវសហការគ្នាបំពេញបេសកម្មនេះ
។ បើមានចំនុចខ្វះខាតអនាម័យ អធិការការងារ អាចសុំឲ្យធ្វើការបង់ផាកជាពិន័យ ឬដាក់កំហិត
ឬបិទអាជីវកម្ម ។
កថាខណ្ឌទី១ សេវាពេទ្យការងារ
សហគ្រាស
និងគ្រឹះស្ថានដែលស្ថិតនៅក្រោមអំណាចនៃច្បាប់ការងារឆ្នាំ១៩៩៧ ត្រូវរៀបចំឲ្យមានការព្យាបាលបឋមសំរាប់កម្មករនិយោជិតរបស់ខ្លួន
។[26] ចំនួនគ្រូពេទ្យតិច ឬច្រើន
គឺអាស្រ័យទៅលើចំនួននៃកម្មករនិយោជិតក្នុងរោងចក្រនីមួយៗ ដែរ ។
គ្រូពេទ្យមានតួនាទី មើលថែទាំកម្មករ ឃ្លាំមើលជាប្រចាំ ផ្តល់ដំបូន្មានផ្នែកអនាម័យកុំឲ្យខូចសុខភាពដោយសារតែបណ្តាលមកពីបញ្ហាការងារ ។
ហើយម្យ៉ាងទៀត សំណុំរឿង សុខភាពរបស់កម្មករនិយោជិត ដែលបុគ្គលិកពេទ្យការងារប្រមូលបាន
គឺជាឯកសសារសម្ងាត់ ហើយព័ត៌មានក្នុងសំណុំរឿងនេះមិនអាចផ្តល់ឲ្យនិយោជក សហជីព
ឬតតីយជនណាមួយដើម្បីធ្វើការកត់សំគាល់លើកម្មករបានទេ ។ ចំពោះសោហ៊ុយចំណាយក្នុងការរៀបចំ
និងការប្រព្រឹត្តទៅ នៃក្រុមពេទ្យការងារ ត្រូវនៅលើបន្ទុកនិយោជក ។ ក្នុងករណី
ដែលក្រុមពេទ្យមួយ បំរើសហគ្រាសច្រើននោះ
សោហ៊ុយត្រូវចេញតាមសមាមាត្រនៃចំនួនកម្មករនិយោជិតក្នុងសហគ្រាសនីមួយៗ ។
កថាខណ្ឌទី២
គិលានដ្ឋាន
គិលានដ្ឋានជាអចិន្រៃ្ទយ៍ត្រូវតែមានកាលណាប្រើកម្មករនិយោជិតធ្វើការយ៉ាងតិច ៥០នាក់ឡើងទៅ ។ ត្រូវគ្រប់គ្រងផ្ទាល់ដោយគ្រូពេទ្យការងារ
រួមជាមួយនឹងគិលានុប្បដ្ឋាក ឬគីលានុប្បដ្ឋាយិកាម្នាក់ ឬច្រើននាក់
អាស្រ័យទៅតាមចំនួននៃកម្មករនិយោជិត ។ ប៉ុន្តែក្នុងម៉ោងធ្វើការទាំងពេលថ្ងៃ
ទាំងពេលយប់ ដាច់ខាតត្រូវមានគិលានុប្បដ្ឋាក ឬគិលានុប្បដ្ឋាយិកា យ៉ាងតិចមួយនាក់
នៅយាមប្រចាំការជានិច្ច ។ ត្រូវមានសំភារៈ វត្ថុរំរបួស និង
ឱសថគ្រប់គ្រាន់សំរាប់ព្យាបាល ។
ចំពោះសហគ្រាសដែលមានសាខា ការដ្ឋានមួយ ឬច្រើនហើយស្ថិតនៅចម្ងាយលើសពី ៧
គីឡូម៉ែតពីការដ្ឋានធំ ក៏ត្រូវមានគិលានដ្ឋានមួយប្រចាំការដូចគ្នាដែរ ។
យ៉ាងណាមិញបើចំនួនកម្មករនិយោជិតមានច្រើនលើសពី ២០០នាក់
នោះគិលានដ្ឋានត្រូវតែមានកន្លែងសំរាប់ឲ្យកម្មកររបួស ឬមានជំងឺសំរាក
មុននឹងបញ្ជូនទៅមន្ទីរពេទ្យ ។ ការព្យាបាលថែទាំ និងអាហារនៃអ្នកនៃរបួស
និងអ្នកជំងឺសំរាកក្នុងគិលានដ្ឋាន សហគ្រាសត្រូវនៅ ក្នុងបន្ទុកនិយោជក ។
បើតាមមាត្រា២៤៥ គឺថានិយោជកចេញសោហ៊ុយលើៈ
·
ក្រុមគីមីបង្ការរោគនៅការដ្ឋានខ្លួន
ដូចជាករណីបាញ់ថ្នាំមូស ឬសំលាប់សត្វល្អិត
·
ការចាក់ថ្នាំការពារជំងឺឆ្លងទាំងឡាយ
ដូចជាការចាក់វ៉ាក់សាំងការពារ ។
សេចក្តីសន្និដ្ឋាន
ដូចបានធ្វើការរៀបរាប់ពីខាងលើរួចមកហើយដូចនេះយើងអាចសន្និដ្ឋានបានថាសហគ្រាសដើរតួរយ៉ាងសំខាន់ក្នុងការបំពេញភាពអត់ការងារធ្វើរបស់កម្មករនិយោជិតក៏ដូចជាប្រជាពលរដ្ឋកម្ពុជាប៉ុន្តែទោះបីជាយ៉ាង ណាក៏ដោយការបើក ឬបិទសហគ្រាសនេះមិនអាចធ្វើទៅតាមអំពើចិត្តនោះឡើយ
ឬអាចនិយាយម្យ៉ាងទៀតថាសហគ្រាសត្រូវតែមានកាតព្វកិច្ចមួយចំនួនដែលច្បាប់តម្រូវឲ្យមានជាអាទិ៍ដូចជា៖
§ និយោជកទាំងអស់ដែលត្រូវបានអនុវត្តច្បាប់ការងារនេះត្រូវធ្វើសេចក្ដីប្រកាសជូនដំណឹងទៅក្រសួងទទួលបន្ទុកវិស័យការងារនៅពេលបើកសហគ្រាសគ្រឹះស្ថាន ។
§ និយោជកត្រូវបើកឲ្យមាន
និងរក្សាទុកឲ្យបានត្រឹមត្រូវនូវសៀវភៅបញ្ជីប្រចាំគ្រឹះស្ថាន
§ និយោជកត្រូវធ្វើសេចក្តីជូនដំណឹងអំពីការផ្លាស់ប្តូរបុគ្គលិក
(ការទទួលឲ្យធ្វើការនិងបញ្ឈប់កម្មករនិយោជិកទាំងអស់) ។
§ និយោជកត្រូវចេញសៀវភៅការងារឲ្យកម្មករនិយោជិត
។
§
និយោជកដែលមានកម្មករនិយោជិត
៥នាក់ ឬច្រើនជាងនេះត្រូវតែមានបទបញ្ជាផ្ទៃក្នុង ។
§ និយោជកមិនអាចតម្រូវឲ្យមានការធានាជាប្រាក់កាស
ឬ ជាប័ណ្ណសិទ្ធិណាមួយឡើយក្នុងការចុះកិច្ចសន្យាការងារ ឬការរក្សាកិច្ចសន្យាការងារ ។
§ និយោជកត្រូវរក្សាទុកដោយទៀងទាត់ជាដរាបនូវសៀវភៅបើកទឹកប្រាក់ក្នុងការរិយាល័យបេឡា
ឬទីចាត់ការនៃសហគ្រាស ។
§ និងកាតព្វកិច្ចលើការទទួលខុសត្រូវមួយចំនួនទៀតដែលច្បាប់ការងារតម្រូវឲ្យធ្វើ
។
ម្យ៉ាងវិញទៀតដូចបានរៀបរាប់ពីខាងដើមរួចមកហើយចំពោះបញ្ហាសន្តិសុខនិងអនាម័យនៅកន្លែងធ្វើការងាររបស់កម្មករនិយោជិតនោះហើយយើងដឹងច្បាស់ថាច្បាប់ស្តីពីការងារឆ្នាំ១៩៩៧បានយកចិត្ទុកដាក់
ជាខ្លាំងក្នុងការគាំពារប្រកបដោយភាពឥតខ្ចោះនោះ ។
ដែលទាំងនេះគឺជាអ្វីដែលមនុស្សគ្រប់រូបគួរទទួលបាន ។ថ្វីត្បិតតែប្រព័ន្ធលទ្ធភាពការងារនៅតាមរោងចក្រសហគ្រាសក្នុងប្រទេសកម្ពុជាយើងមិនទាន់មានភាពជឿលឿន
ក៏ដូចជាការទៅតាមអនុវត្តតាមគោលការណ៍ឲ្យបានគ្រប់ជ្រុងជ្រោយក្តី
ក៏យើងមានមោទនភាពជាខ្លាំង ចំពោះអ្វីដែលយើងមាននាពេលបច្ចុប្បន្នហើយសង្ឃឹមថានាពេលអនាគត
កម្មករនិយោជិតទាំងអស់ ពិតជាទទួលបានការគាំពារខ្ពស់ និងមានជីវិតប្រកបដោយភាពរីករាយ ។
ដោយយោងតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ចែងថា “ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត
មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន ” ៕
No comments:
Post a Comment