Monday, March 26, 2018

សេរីនិយមអង់គ្លេសនៅសតវត្សទី១៧





                                                សេចក្តីផ្តើម

       ក្នុងការសិក្សាប្រធានបទខាងលើ ក្រុមយើងខ្ងុំ​យល់ថា សេរីនិយមអង់គ្លេសនៅសតវត្សទី១៧  បានលើកអ្នកនិពន្ធពីរូបមកសិក្សា គឺ លោក គូម៉ា ហុក នឹង លោក ភ្យរ ឡុក ។ សេរិនិយមជាទស្សនវិទូមួយ ដែលលូ តលាស់ចាប់ពីសតវត្សទី១៧ នៅអឺរ៉ុបហើយវាផ្តោតការយកចិត្តទុកដាក់ទៅលើបុគ្គលិក ។ ហើយសេរីនិយមស្ថិតលើគំនិតដែលឲ្យតួនាទីធំទៅលើរដ្ឋ ។

                                                    ជំពូកទី២
សេរីនិយមអង់គ្លេសនៅសតវត្សទី១៧

          យើងលើកយកអ្នកនិពន្ធពីររូបមកធ្វើការសិក្សា គឺ លោក ហុប (Hobbes) និងលោកឡុក (Locke)សេរីនិយមជាទស្សនវិជ្ជាមួយដែលលូតលាស់ចាប់ពីសតវត្សទី ១៦ នៅ អឺរ៉ុប។​ សេរីនិយមជា ទស្សនវិជ្ជាដែលផ្តោតការយកចិត្តទុកដាក់ទៅលើបុគ្គល។ សេរីនិយម ស្ថិតនៅលើគំនិត ដែលមិនឲ្យតួនាទី ធំទៅលើរដ្ឋ។ រដ្ឋមានតួនាទីផ្តល់សេរីភាពដល់បុគ្គល ទាំងនៅក្នុងវិស័យសេដ្ឋកិច្ច ទាំងនៅក្នុងវិស័យ        នយោបាយ។
          នៅក្នុងបញ្ហាការកកើតសង្គមក្តី ការកកើតរដ្ឋក្តី ព្រមទាំងការទំនាក់ទំនងរវាងបុគ្គល និងរដ្ឋក្តី ហុក និង​ឡុក មានទស្សនៈផ្ទុយគ្នា មួយឲ្យតួនាទីរដ្ឋជាធំ ជារដ្ឋផ្តាច់ការមួយទៀតឲ្យតួនាទីរដ្ឋជារដ្ឋសេរី គឺរដ្ឋ   ផ្តល់តួនាទីធំចំពោះបុគ្គល ។



                                                      ផ្នែកទី១-                                                                           ​​​​​                        ​​   លោក តូម៉ា ហុប (Thomas Hobbes) ១៥៨៨-១៦៧៩
          ហុកកើតមកមិនគ្រប់ខែទេ ពីម្តាយដែលមានការភ័យខ្លាច នៅពេលដែលកងនាវាចរ អាមាដា ឈ្មោះ “មិនចេះចាញ់” (Invincible) របស់ស្តេដអស្ប៉ាញ ឈ្មោះហ្វីលីបទី២ ប្រឆាំងនឹងប្រទេសអង់គ្លេស នៅឆ្នាំ១៥៨៨ ដើម្បីទម្លាក់រាជ្យអេលីស្យាបែតទី១ ។ ទោះបីកងនាវាចរនោះត្រូវចាញ់ល្បិចរបស់អង់គ្លេសក្តី ក៏នៅធ្វើឲ្យ ហុប ចម្លងពីម្តាយនូវការភ័យខ្លាចមួយជាប់ជាប្រចាំជីវិត ។ មិនតែប៉ុណ្ណោះ ហុប ធ្លាប់បាន ឃើញការកាប់សម្លាប់មនុស្សនៅប្រទេសអង់គ្លេស ក៏ដូចជានៅប្រទេសបារាំងដែលគាត់ធ្លាប់រស់នៅ ហើយ ដែលគាត់តែងគេចវេស រត់ទៅជ្រកការពារខ្លួនចៀសចេញឲ្យឆ្ងាយពីអ្នកកាន់អំណាច ។​ នេះជាមូលហេតុ​ផ្សេងទៀត ដែលធ្វើឲ្យគាត់ចេះតែមានការភ័យខ្លាច ពេលក្រោយៗមកទៀត ។ ហុប ចង់ផ្តល់សម្រាប់ មនុស្សនូវសន្តិភាព។ សេចក្តីប្រាថ្នាតែមួយគត់របស់គាត់ គឺការចង់បានការធានាឲ្យមានភាពសុខសាន្ត និងការរួបរួមគ្នាតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ មិនមានលទ្ធភាពណាមួយដែលអាចផ្តល់នូវសន្តិភាពនេះបានទេ ដរាបណានៅមានការប្រឆាំងតទល់គ្នា រវាងនយោបាយ និងសាសនានោះ ។​
          ហុប បានប្រឹងប្រែងរកច្រកចេញឲ្យផុតពីការភ័យខ្លាចរបស់គាត់ ដោយដាក់បុគ្គលរបស់ខ្លួនឲ្យ​ស្ថិតនៅក្រោមការគាំពារ ផ្តាច់ការនិយមមួយ ដោយប្រគល់អំណាចទាំងអស់ដល់ព្រះមហាក្សត្រ តែជាព្រះ មហាក្សត្រដែលធានាបានឲ្យមានសន្តិភាព និងភាពសុខសាន្ត ។​ គំនិតនេះគឺឃើញមាននៅក្នុងស្នាដៃទី១ របស់គាត់ ឈ្មោះ Les elements du droit naturel et politique (១៦៤០) សរសេរនៅពេលគាត់មាន អាយុ ៥ឆ្នាំ ។ ពីរឆ្នាំក្រោយ គាត់សរសេរសៀវភៅមួយទៀត ឈ្មោះ de cive នៅចុងក្រោយ​ Le leviathan (ឆ្នាំ ១៦៥០) ។ ​
          ដោយសារភាពភ័យខ្លាច ហុបក្លាយទៅជាអ្នករដ្ឋនិយមដ៏ខ្លាំងក្លាបំផុត ។ គាត់រត់រកការសង្គ្រោះ របស់គាត់ ដោយបន្ថយតួនាទីបុគ្គលខ្លួនឯងទាំងអស់ ។ ប៉ុន្តែការចុះចាញ់នេះមិនបានធ្វើឲ្យមូលដ្ឋានគំនិត របស់គាត់ផ្លាស់ប្តូរទេ ។​
          ហុបក៏មិនខុសពីអ្នកនិពន្ធដទៃទៀត របស់សាលាច្បាប់ធម្មជាតិ និងសាលាច្បាប់អន្តរជាតិដែរ គឺ គាត់ខិតខំស្រាវជ្រាវរកឃើញមូលដ្ឋាន ជាគ្រឹះរបស់អំណាច និងល័ក្ខខ័ណ្ឌរបស់វា តាមការវិភាគរកមូល ហេតុដែលនាំឲ្យមនុស្សសុខចិត្ត សុខកាយ មកផ្តុំគ្នារួមរស់ជាមួយគ្នាក្នុងសង្គម ដោយការធ្វើកិច្ចសន្យា សង្គម “contrat social” ។
          ចំពោះបញ្ហាដែលទាក់ទងទៅនឹងកិច្ចសន្យាសង្គម ឬ កតិកាសញ្ញាសង្គម (pacte social) នេះ មានអ្នកនិពន្ធបីរូបសំខាន់ដែលបង្ហាញហេតុផលប្លែកៗពីគ្នា គឺ ហុប ឡុក និង រុស្យូ ។​
          ចំពោះហុបគាត់មានទស្សនៈយល់ឃើញថា ជំរៅធម្មជាតិរបស់មនុស្ស គឺអត្ថទត្ថភាព អត្មានិយម មិនមានការចង់រស់នៅជាមួយអ្នកដទៃឡើយ ។ កាលណាមនុស្សរត់ដើម្បីរស់នៅក្នុងសហគមន៍ គឺមិនមែនដោយសារគេចង់បានការរីកលូតលាស់របស់គេទេ តែគឺដើម្បីផលប្រយោជន៍របស់គេតែម្យ៉ាងតែ ប៉ុណ្ណោះ ។ សង្គមកើតឡើងពីការខ្លាច រវាងមនុស្ស និង មនុស្ស មិនមែនដោយសារការស្វាគមន៍រកគ្នាទៅវិញទៅមកនោះទេ ។ សភាពធម្មជាតិ (état de nature) ដែលមនុស្សរស់នៅមុននឹងមកចុះចូលរស់នៅ ជាមួយគ្នានោះ ជាសភាពមួយប្រកបដោយគ្រោះថ្នាក់ និងការវិនាស។ ក្នុងសភាពធម្មជាតិ មនុស្សធ្វើអ្វីទៅ តាមតែសភាវគតិ និងទៅតាមចំណង់របស់គេ ។ មនុស្សប្រៀបបាននិងម៉ាស៊ីន ដែលមានគ្រឿងយន្ត ជាសភាវគតិ រក្សាខ្លួនឯង ហើយពោរពេញទៅដោយអត្គទត្ថភាព និង ចំណង់ ។​ ហុប បាននិយាយថា “មនុស្ស ជាឆ្កែកចចកសម្រាប់មនុស្សគ្នាឯង” (L’ home est un loup pour l’homme) ។​ មានន័យថា មនុស្ស នៅក្នុងសភាពធម្មជាតិ តែងច្បាំងគ្នា ប្រឆាំងគ្នាឯងផង និងប្រឆាំងអ្នកដទៃនៅក្នុងក្រុមផ្សេងៗទៀតផង។ ដោយសារមនុស្សមានសិទ្ធិស្មើគ្នា ចំពោះអ្វីដែលមាន គេក៏ណ្តើមគ្នាយកអ្វីដែលមានដូចៗគ្នា ។ គេមាន គំនិតបំផ្លិចបំផ្លាញគ្នាទៅវិញទៅមក។ គេទាំងអស់គ្នា រៀងៗខ្លួន ជាប្រភពនៃគ្រោះថ្នាក់ និង ការភ័យខ្លាច នៅក្នុងសភាពធម្មជាតិ មានតែសង្គ្រាមជាអចិន្ត្រៃយ៍ មានតែអសន្តិសុខ ដែលមនុស្សខ្លយតែងជាអ្នករង គ្រោះរបស់អ្នកខ្លាំងជាងខ្លួន ឬ របស់អ្នកដែលមានល្បិចជាងខ្លួន ។ ច្បាប់ធម្មជាតិក្នុងគោលការណ៍របស់ វា មានលក្ខណៈជាអត្តទត្ថភាព ។ ប៉ុន្តែ    នៅក្នុងសភាពធម្មជាតិ បញ្ហារបស់ច្បាប់ធម្មជាតិមិនមែនជាកាត ព្វកិច្ចត្រូវគោរពទេ ។ ល្គិកណាគេមិនប្រាកដថា អ្នកដទៃបានបំពេញកិច្ចសន្យារបស់គេ ហើយយើងធ្វើតែ យើង នោះប្រាកដជាគ្មានបានប្រយោជន៍អ្វីឡើយ ។ ផលប្រយោជន៍តែមួយគត់គឺ ត្រូវចេញពីសភាពធម្ម ជាតិ ដើម្បីមករស់នៅក្នុងសង្គមវិញ ។
មានតែរដ្ឋតែមួយប៉ុណ្ណោះ ដែលអាចការពារបុគ្គលបាន
          មនុស្សមករូបរួមគ្នា ជាចំនួនច្រើនឥតគណនា ដើម្បីបង្កើតសម្ពន្ធភាពមួយសំរាប់ធានាប្រឆាំងនឹង អសន្តិសុខ ដែលតែងយាយីគេកាលគេរស់នៅក្នុងសភាពធម្មជាតិ ។ ការរួបរួមគ្នានេះបង្កើតបានជារដ្ឋ ។ ដូច្នេះនៅពេលដែលមនុស្សបោះបង់ចោលការរស់នៅក្នុងសភាពធម្មជាតិ ទើបកើតមានឡើងនូវច្បាប់ ទម្លាប់ ។ គឺមានតែរដ្ឋប៉ុណ្ណោះ ដែលបានបង្កើតអោយមានអ្វីជារបស់ខ្ញុំ អ្វីជារបស់អ្នក ហើយបង្ខំឲ្យមានការគោរពកម្មសិទ្ធិអ្នកដទៃ ។
          រដ្ឋកើតឡើងដើម្បីធ្វើឲ្យមានសន្តិភាព ដូច្នេះមនុស្សរស់នៅក្នុងរដ្ឋ ត្រូវលះបង់សិទ្ធិឥតព្រំដែនរបស់ ខ្លួនដេលមានជាប់ជាមួយនឹងសភាពធម្មជាតិទាំងអស់ ឬមួយផ្នែកដើម្បីប្តូរយកអ្វីផ្សេងទៀត ។ មនុស្ស សម្រេចបញ្ចប់សភាពអសន្តិសុខ ដែលមាននៅក្នុងសភាពធម្មជាតិ ដោយចុះកិច្ចសន្យាជាមួយគ្នា ពីព្រោះ គឺជាមធ្យោបាយតែមួយគត់ ដែលអាចរក្សាសន្តិភាពបាន ។ ប៉ុន្តែរដ្ឋអាចកើតឡើងមានបាន ទាល់តែមាន ការរួបរួមគ្នាមួយ មិនមែនមានត្រឹមតែការព្រមព្រៀងគ្នាមួយទេ ។ មនុស្សត្រូវឈប់រស់នៅជាបុគ្គលរៀងៗ ខ្លួន ឯករាជ្យ ដោយឡែកៗ ដោយបង្កើតអោយមានឆន្ទៈតែមួយ ។ ដូច្នេះ មនុស្សត្រូវលះបង់ឆន្ទៈ និងសិទ្ធិ របស់គេម្នាក់ៗ ដែលមាននៅក្នុងដៃ ។ អំណាចទាំងអស់ត្រូវប្រគល់ទៅឲ្យរដ្ឋ ដោយព្រមលះបង់មិនប្រឆាំង មិនប្រែក្រឡាស់សំដីចំពោះអ្វីដែលកេបានផ្ទេរទៅឲ្យបុគ្គលម្នាក់ ឬច្រើននាក់ដែលនិងត្រូវដឹកនាំ គ្រប់គ្រងពួកគេ។ ការលបងនេះ មិនមានការស្តាយក្រោយទេ ។ នេះជាលក្ខ័ខ័ណ្ឌសំខាន់ សម្រាប់បង្ក បង្កើតអធិបតេយ្យ (souveraineté) ។
          ចំពោះហុប កិច្ចសន្យាដែលមនុស្សព្រមព្រៀងគ្នាចុះនោះ ជាកិច្ចសន្យារវាងមនុស្ស និង មនុស្ស គ្នាឯង មិនមែនជាកិច្ចសន្យាដែលសមាគត (សមាជិក របស់សហគមន៍) ថ្មីធ្វើជាមួយនិងអ្នកដែលខ្លួនប្រគល់អំណាចទាំងអស់ឲ្យទៅនោះទេ ។ ដូច្នេះកិច្ចសន្យាដែល ហុប បាននិយាយនេះ ជាកិច្ចសន្យារបស់ សមាគម (contrat dásso ciation) របស់បុគ្គលទាំងអស់ដែលធ្វើការសម្រេច រួមរស់ជាមួយគ្នា ដើម្បីឲ្យ ឆន្ទៈរបស់គេម្នាក់ៗ ក្លាយជាឆន្ទៈតែមួយ ។ កិច្ចសន្យានេះជាកិច្ចសន្យាចំណុះ (contrat de soumission) ពោលគឺបុគ្គដែលជាសមាជិករបស់សមាគម ចេះស្តាប់បង្គាប់មិនរឹងរូស ។ វាជាកិច្ចសន្យា មួយដែលបុគ្គលលះបង់សិទ្ធិរបស់ខ្លួនទាំងអស់ ដើម្បីប្តូរយកសន្តិសុខផ្ទាល់ខ្លួន និងការពារដល់ទ្រព្យ សម្បត្តិរបស់គេ ។ តាមរយៈ នៃកិច្ចសន្យានេះ បុគ្គលទាំងអស់ត្រូវលះបង់សិទ្ធិរបស់ខ្លួន ដើម្បីអ្នកដែលកាន់អធិបតេយ្យ ទោះបីអ្នកនោះជាព្រះមហាក្សត្រក្តី ឬជាក្រុមប្រឹក្សាណាមួយក្តី ។
          ន័យនៃកិច្ចសន្យា តាមហុប គឺជាការផ្ទេរសិទ្ធិពិតៗ របស់បុគ្គលឲ្យទៅអ្នកកាន់អធិបតេយ្យ មិន មែនជាការបែងចែកសិទ្ធិទេ ហើយអ្នកកាន់អធិបតេយ្យស្ថិតនៅក្រៅកិច្ចសន្យា ។​ គេមិនបានចុះហត្ថលេខា ជាមួយនរណាទាំងអស់ គេគ្មានបានជាប់និងកាតព្វកិច្ចណាមួយឡើយ ។ ចំណុចនេះហើយដែលគេអាច និយាយបានថា ហុប បានទទួលជោគជ័យ ក្នុងការបង្កើតអធិបតេយ្យមួយផ្តាច់ការ ដែលចែកមិនបាន តាមរយៈកិច្ចសន្យានេះ ។ កិច្ចសន្យានេះមិនមែនជាការកំណត់ព្រំដែនទៅលើអំណាចផ្តាច់ការទេ តែវាជា គ្រឹះរបស់អំណាច់ផ្តាច់ការទៅវិញ ។ កិច្ចសន្យានេះ ប្រែជាមិនបានការអ្វីទាំងអស់ បើវាគ្មានបង្កើតឲ្យមាន អំណាចដែលបង្ខិតបង្ខំមួយនោះទេ ។
          សារៈសំខាន់របស់កតិកាសញ្ញានេះ គឺការបង្រួម ពហុភាគ (ហ្វូងមនុស្ស) ឲ្យមកជាឯកភាគ (មនុស្សតែមួយ)។ ហុបបានឲ្យឈ្មោះរដ្ឋរបស់គាត់ថា ឡេវិយ៉ាតង់ (léviathan) ។ ឬ “អាទិទេពដែល​លុះក្នុងសេចក្តីស្លាប់” ។ ឡេវិយ៉ាតង់ ជាសត្វចំឡែក ដកស្រង់ចេញពីគម្ពី បិប (Bible) ដែលនៅលើខ្លួន របស់វាមានហ្វូងមនុស្សតូចៗជាស្អិត ។ សត្វធំចំឡែកនេះមានកាន់ដំបង និងដាវនៅក្នុងដៃ ដែលជា តំណាងអំណាចទាំងពីរ គឺអំណាចសាសនា និងអំណាចអាណាចក្រ ។
          រដ្ឋដែលកើតឡើងដោយសារការរំលាយបញ្ចូលគ្នា នៃបុគ្គលនោះ ជារដ្ឋដែលកាន់កាប់អធិបតេយ្យ ផ្តាច់ការមួយ ។ អធិបតេយ្យផ្តាច់ការនេះស្របគ្នា​និង រាជាធិបតេយ្យផ្តាច់ការ ។ ចំពោះរបបរាជាធិបតេយ្យ ផ្តាច់ការនេះ  ដែលហុបចូលចិត្តជាងរបបដទៃនោះ ជារបបដែលអាចរក្សាសន្តិភាពបាន ដើម្បីរក្សាសន្តិ ភាពនោះបាន ចាំបាច់ត្រូវឲ្យព្រះមហាក្សត្រមានអំណាចពេញលេញ ។ ព្រះមហាក្សត្រមិនស្ថិតនៅក្រោម ច្បាប់ណាផ្សេងទៀតឡើយ ទោះជាច្បាប់ធម្មជាតិក្តី ឬមួយជាច្បាប់សាសនាក្តី ។ ដោយហេតុនេះ អាណា ប្រជារាស្ត្រមិនមានសិទ្ធិជំទាស់ និងអំណាចព្រះមហាក្សត្របានទេ ហើយការណាគេបានប្រតិបត្តិត្រឹមត្រូវ តាមបញ្ជារបស់អំណាចព្រះមហាក្សត្រហើយនោះ គេគ្មានបានប្រព្រឹត្តកំហុសណាមួយទេ ។
          ហុបយល់ឃើញថា នៅក្នុងច្បាប់ក៏ដូចជានៅក្នុងរដ្ឋ មិនត្រូវឲ្យមានលក្ខណៈជាសីលធម៌អ្វីឡើយ។ ឧ. មានតែច្បាប់រដ្ឋប្បវេណីទេ ដែលអាចកំណត់អំពីកំហុស ឬគ្មានកំហុស ។ ដូច្នេះការផិតក្បត់ មិនមែន ជាកំហុសទេ ពីព្រោះវាជាអំពើរំលោភខាងផ្នែកសីលធម៌តែប៉ុណ្ណោះ ។ ក៏ប៉ុន្តែ ដោយអំណាចហាមមិនឲ្យ មានទំនាក់ទំនងបែបនេះ ទើបច្បាប់រដ្ឋប្បវេណីហាមមិនឲ្យមានដូច្នេះដែរ ។
          ចំពោះលទ្ធិ ដែលនិយាយទាក់ទងទៅនឹងបញ្ហារដ្ឋនេះ ម៉ាខ្យាវែល មិនបានវែកឲ្យដាច់ រវាងរដ្ឋ និង “Le Prince” របស់គាត់ទេ ។ ក្រោយមកទៀត មានអ្នកនិពន្ធដែលធ្វើការញែករដ្ឋ ឲ្យដាច់ពីអ្វីទាំងអស់ ដែលរដ្ឋបានប្រមូលផ្តុំ ។ ការផ្តាច់ចេញពីបុគ្គលដែលរដ្ឋកាន់កាប់នេះ ជាការផ្តល់ឲ្យនូវអំណាចគ្មានព្រំ ដែន ។ អំណាចរបស់រដ្ឋគ្មានព្រំដែន និងផ្តាច់ការនេះ ជាអំណាចដែលហុបចុងបានហើយដែលមានរូប ឡេវិយ៉ាតង់ ជាតំណាងស្រាប់ ។ ហុបទុកដាក់ព្រះមហាក្សត្រថាជាមេសាសនាផង ជាអាទិទេពដែល នៅលើដែនដីនេះផង ។ ព្រះមហាក្សត្រជាអ្នកកាន់អំណាចទាំងពីរ ។ អំណាចសាសនា មិនអាចជាគូប្រឆាំង និងអំណាចព្រះមហាក្សត្របានឡើយ ។ ការគោរពព្រះមហាក្សត្រ មិនមែនជាកាតព្វកិច្ចខាងសាសនាទេ តែជាកាតព្វកិច្ចខាងនយោបាយ ។ សាសនាជាជំនឿ មិនមែនជាវិទ្យាសាស្ត្រ ហើយជំនឿ គ្មានជាប់ទាក់ ទងនិងនយោបាយទេ។
          ចំពោះទស្សនាទានស្តីអំពីអំណាចរបស់ហុប គាត់យល់ថា ច្បាប់ក្តី រដ្ឋក្តី សុទ្ធតែកើតឡើងដោយសារកម្លាំង ។ នៅក្នុងសភាពធម្មជាតិ ការខ្លាចជាមូលហេតុធ្វើឲ្យបាត់សណ្តាប់ធ្នាប់ តែនៅក្នុង សភាពនយោបាយ គឺពេលដែលមនុស្សមករស់នៅក្នុងសង្គម ការខ្លាចជាមូលហេតុធ្វើឲ្យមានសណ្តាប់ ធ្នាប់ទៅវិញ ។ លក្ខណៈរបស់រដ្ឋគឺត្រូវធ្វើឲ្យគេខ្លាចហើយ ក្នុងការកាន់កាប់ រដ្ឋត្រូវមានកម្លាំងបង្ខំ ។ នេះជាបេសកកម្មទាំងពីរ របស់រដ្ឋគឺបេសកកម្មបង្ក្រាបខាងក្នុង និងបេសកកម្មការពារខាងក្រៅ ។ ហេតុនេះ ហើយដែលត្រូវមានកងទ័ពខ្លាំង និង អចិន្ត្រៃយ៍មួយ ។​
          រដ្ឋផ្តាច់ការ គឺមិនមែនរដ្ឋដែលអំណាចព្រះមហាក្សត្រមានលក្ខណៈផ្តាច់ការនោះទេ តែជារដ្ឋដែល មានអំណាចធំជាងគេ មិនរណប ជាពិសេស ជាមួយនិងអំណាចសាសនា ។





   ផ្នែកទី២       លោក ឡុក (Locke) ១៦៣២-១៧០៤
          ឡុកមានទស្សនៈផ្ទុយពីហុប ។ នៅក្នុងវិស័យនយោបាយ ឡុក ខុសពីហុប ព្រោះគេចាត់ទុកគាត់ ថា ជាសាវ័កនៃសេចក្តីត្រាប្រណី ការអត់ឱន ហើយជាបិតារបស់សេរីនិយមទៀតផង ។​
          “អ្វីដែលមានក្នុងគំនិត គឺអ្វីដែលធ្លាប់មានក្នុងពិសោធន៍” នេះជាការអះអាងរបស់ ឡុក នៅក្នុង សៀវភៅជាស្នាដៃធំខាងផ្នែក ទស្សនវិជ្ជា របស់គាត់ឈ្មោះ “L’essai sur l’entendement humain , 1700” ។ ការអះអាងរបស់គាត់នេះ ធ្វើឲ្យយល់បាន ចំពោះទស្សនវិជ្ជានយោបាយរបស់គាត់ ដែលគាត់បានធ្វើការប្រៀបធៀបទៅនឹងរបបរាជានិយមមានព្រំដែនរបស់ “Guillaume d’orange” ក្រោយបដិវត្តន៍ ឆ្នាំ ១៦៨៨ ។​
          នៅក្នុងការបកស្រាយ ស្តីអំពីកិច្ចសន្យាសង្គម ឡុក ខុសពីហុប យល់ឃើញថា សភាពធម្មជាតិជា សភាពមានសន្តិភាព ជាសភាពដែលមនុស្សមានឆន្ទៈល្អ ចេះជួយគ្នាទៅវិញទៅមក មនុស្សមានសេរីភាព និងសមភាព មនុស្សមានវិចារណញាណ ដែលអាចឲ្យគេយល់ពីច្បាប់ធម្មជាតិ ហើយចេះសម្របអាកប្ប​កិរិយារបស់គេជាមួយនិងច្បាប់ធម្មជាតិបាន ។ ដូច្នេះ ក្នុងសភាពធម្មជាតិ ពិតមែនតែមិនទាន់មានកើត សង្គមក៏ពិតមែនតែ ក៏កើតមានគ្រួសារដែលមានជាប់ជាមួយនូវអំណាចជាឪពុកដែរ ។ អំណាចជាឪពុកខុសគ្នាពីអំណាចនយោបាយ ។
          ចំណុចមួយថ្មី ដែលឡុករកឃើញ គឺកម្មសិទ្ធិឯកជនដែលកើតមានមុនការកកើតសង្គម ឬ ការកកើតអំណាចនយោបាយ ។ កម្មសិទ្ធិឯកជនកើតមាននៅក្នុងសភាពធម្មជាតិ ។ ឡុកមានជំនឿស៊ប់ថា បុគ្គលម្នាក់ៗតែងមានចិត្តចង់ការពារខ្លួនឯងផ្ទាល់ និងមានចិត្តសន្តោសគ្នាទៅវិញទៅមក ។
ការខុសគ្នារវាងសភាពធម្មជាតិ និង សភាពសង្គម
          ការខុសគ្នានេះស្ថិតនៅត្រង់ការរំលោភច្បាប់ធម្មជាតិ នៅក្នុងសភាពធម្មជាតិ ហើយការំលោភនេះ មិនមមានការទទួលទណ្ឌកម្មច្បាស់លាស់ទេ ។ ការដាក់ទណ្ឌកម្មមានធ្វើដែរនៅក្នុងសភាពធម្មជាតិ ដែល ធ្វើជារបៀបអានាធិបតេយ្យ ទៅតាមគំនិតផ្តើមរបស់អ្នករងគ្រោះ ឬ របស់ញាតិសន្តានរបស់គេ ឬរបស់មិត្ត ភ័ក្តិរបស់គេ ។ នៅក្នុងសភាពធម្មជាតិ មានតែយុត្តិធម៌ឯកជន (La justice privée) ។
          ដូច្នេះ គឺដោយសារការខ្វះការរៀបចំ ការដាក់ទណ្ឌកម្មចំពោះការរំលោភ នៅក្នុងសភាពធម្មជាតិ និងពុំមានកិច្ចការពារចំពោះបុគ្គល និង ទ្រព្យសម្បត្តិរបស់គេ នេះហើយដែលជាមូលហេតុថាត្រូវបញ្ចប់របៀបរស់នៅក្នុងសភាពធម្មជាតិ ដើម្បីបញ្ចប់សង្គ្រាមមិនចេះឈប់ឈរ រវាងមនុស្សនិងមនុស្ស ជាបុគ្គល ជាក្រុម និងដើម្បីការពារជីវិតបុគ្គលនោះផង ។ ឡុកនឹកគិតទៅដល់ដីថ្មីដ៏ធំទូលាយរបស់អាមេរិក ដែលគេ អាចយកធ្វើជាកម្មសិទ្ធិបាន ។ ឡុកសង្ឃឹមថា សភាពធម្មជាតិ ជាសភាពមួយដែលអាចទ្រាំទ្របាន ។​
          មានកត្តាមួយទៀតដែលជាធាតុមួយក្នុងការបង្កបង្កើតសង្គមសេរ គឺការប្រើប្រាស់រូបិយវត្ថុ ។ ដោយសារមនុស្សបង្កើតរូបីយវត្ថុនេះ ដើម្បីគិតទៅបង្កើនកម្មសិទ្ធិ លើសពីសេចក្តីត្រូវការរបស់ខ្លួន ខុសកាលពីនៅក្នុងសភាពធម្មុជាតិ ដែលមនុស្សរស់នៅតាមកម្រិតនៃសេចក្តីត្រូវការ សម្រាប់ខ្លួនតែប៉ុណ្ណោះ ។ មនុស្សមិនមានលទ្ធភាព និងផលប្រយោជនរក្សាអ្វីដេលលើសពីការប្រើប្រាស់របស់ខ្លួនឡើយ ។ នៅពេល ដែលមានការប្រើរូបិយវត្ថុ ការសន្សំនិងការប្រមូលប្រាក់ទុក អាចធ្វើទៅកើត ។ ដូច្នេះ ធ្វើឲ្យមានវិសមភាព កាន់តែធំជាងកាលពីមុន ។ នៅពេលនោះ មនុស្សមិនអាចរស់នៅក្នុងសុខសន្តិភាពបានទេ ប្រសិនបើទ្រព្យសម្បត្តិ ដែលគេរកបាន មិនត្រូវបានការពារដោយការរៀបចំពេញលេញណាមួយទេនោះ ។ ការ រៀបចំនេះសំដៅដល់ការរៀបចំនយោបាយនេះឯង ។​
          គេអាចនិយាយម្យ៉ាងទៀតថា មនុស្សមានផលប្រយោជន៍ ចាកចេញ ពិសភាពធម្មជាតិ គឺដោយសារគេមានបញ្ហាសន្តិសុខ បញ្ហាចាញ់ប្រៀប ហើយគេទាំងអស់គ្នាតែងគិតថា គេនិងបានស្រួលជាង នេះ ប្រសិនបើមានច្បាប់ជាធរមាន មានចៅក្រមសម្រាប់បកស្រាយច្បាប់ទាំងនោះ និងមានអំណាច ប្រតិបត្តិមួយសម្រាប់អនុវត្តច្បាប់នោះផង។
          ចក្ខុវិស័យរបស់ឡុក មិនមានលក្ខណៈទុទិដ្ឋិនិយមទេ ពីព្រោះគាត់មានជំនឿថា ការដែលមនុស្ស មានផលប្រយោជន៍ក្នុងការធ្វើខ្លួនគេឲ្យមានបាននោះមិនមែនជារឿងមួយប្រឆាំងនិងសង្គមឡើយ ពីព្រោះ  “ជោគជ័យខាងសម្ភារៈ របស់ឯកជន និងបង្កើនឲ្យមានសុខមាលភាពសាធារណ” (Harold Laski) ។
          សភាពធម្មជាតិជាសភាពមួយដែលខ្វះខាត ៖ ខ្វះច្បាប់កំណត់ និងប្រកាសឲ្យប្រើសម្រាប់មនុស្ស ទាំងអស់គ្នា ដើម្បីដោះស្រាយទំនាស់ ខ្វះអំណាចតុលាការមួយសម្រាប់ រាំងស្កាត់កុំឲ្យមានការសងសឹក ដែលម្នាក់ៗត្រូវធ្វើជាកូនក្តីផង និងធ្វើជាចៅក្រមផង ។ ប្រព័ន្ធរស់នៅក្នុងសភាពធម្មជាតិ មិនអាចស្ថិតនៅ បាន ដូច្នេះ ត្រូវផ្តុំគ្នាជាសហគមន៍ ជារដ្ឋ ។
          សភាពធម្មជាតិផ្តល់កម្មសិទ្ធិដល់មនុស្ស តែកម្មសិទ្ធិរបស់មនុស្សមិនអាចរក្សាទុកបានល្អទេ បើ គ្មានសង្គម គ្មានរដ្ឋទេនោះ ។ ធម្មជាតិជាអ្នកបង្កើតឲ្យមានកម្មសិទ្ធិ ហើយសង្គមជាអ្នកថែរក្សា ជាអ្នកជួយ សម្រួលស្ថានភាព ដល់កម្មសិទ្ធិទាំងនោះ ។​
          បញ្ញតិស្តីអំពីសភាពធម្មជាតិនេះ មានសារៈសំខាន់ណាស់ ចំពោះ ឡុក ពីព្រោះថា សេរីភាពដែល ជាទ្រព្យដ៏ពិសិដ្ឋរបស់មនុស្សនោះ ក៏កើតមានពីធម្មជាតិដែរ ។ គឺដោយសារមានសេរភាពនេះហើយ ដែល ធ្វើឲ្យមនុស្សមានសិទ្ធិជាប់មកជាមួយនិងខ្លួនគេដែរ ។ សង្គមគ្រាន់តែផ្តល់ជាកម្លាំងដល់សិទ្ធិដែលមានពីធម្មជាតិតែប៉ុណ្ណោះ ។ ធម្មជាតិជាទីកន្លែងដែលមនុស្សមានសិទ្ធិស្មើៗគ្នា ។​ ព្រះអាទិទេព បានបង្កើត មនុស្សមកស្មើៗគ្នា ។ គំនិតរបស់ឡុកនេះ ឃើញមានចារនៅក្នុងសេចក្តីប្រកាសឯករាជ្យរបស់អាមេរិក ។​
          មនុស្សមានវិចារណញ្ញាណ ដែលអាចបង្ខំឲ្យគេមានករណីយកិច្ចជាច្រើន ហើយករណីយកិច្ចមុន គេបង្អស់ គឺការរក្សាអាត្មាខ្លួនឯងផ្ទាល់ ។ បើការរក្សាអាត្មាខ្លួនឯងផ្ទាល់ជាករណីយកិច្ច នោះក៏មានន័យថា មនុស្សម្នាក់ៗមានសិទ្ធិលើខ្លួនគេផ្ទាល់ គេជាម្ចាស់កម្មសិទ្ធិរបស់បុគ្គលគេ ។ ពីធម្មជាតិ គេមានខ្លួនគេជាប់ ជាមួយនិងកម្លាំងការងារ ។​ ដូច្នេះ អ្វីដែលចេញពីកម្លាំងការងាររបស់គេក៏ជាកម្មសិទ្ធិរបស់គេដែរ ។ នេះជា គោលការណ៍មួយសំខាន់ដែលឃើញមានក្នុងសេដ្ឋកិច្ចសេរីនិយម ស្តីអំពីការយកធ្វើជាកម្មសិទ្ធិ តាមរយៈ ការងារ។
          វាមានហេតុផលបីយ៉ាង ដែលចេញពីលទ្ធិស្តីអំពីកម្មសិទ្ធិលើរូបកាយ និងផ្លែផ្កាដែលចេញពីការងារ
ទី១       ការចូលមកធ្វើជារបស់ខ្លួន វាត្រឹមត្រូវពីធម្មជាតិ ពីព្រោះ គេជាម្ចាស់លើបុគ្គលគេ និងរូបកាយគេ ហើយអ្វីដែលចេញពីរូបកាយគេ ក៏ជាមរតកដែលអាចបន្តបាន ។​
ទី២      ការចេញពីសភាពធម្មជាតិ មិនមែនជាការចាំបាច់ដាច់ខាតនោះទេ តែការចូលមករស់នៅក្នុង សភាពជាសង្គម វាមានការធានាមួយខ្ពស់ជាង ។ សង្គមមួយដែលមិនមានគោលដៅ សម្រាប់ ថែរក្សាកម្មសិទ្ធិ ក៏មិនអាចមានឈ្មោះថាសង្គមដែរ។ សារៈសំខាន់របស់សង្គម គឺជាការការពារ កម្ម សិទ្ធិ ។​
ទី៣      មានតែកិច្ចព្រមព្រៀងដោយស្ម័គ្រចិត្ត រវាងបុគ្គលជាម្ចាស់កម្មសិទ្ធិ ពោលគឺកិច្ចព្រមព្រៀងសំដៅធានាដល់កម្មសិទ្ធិ ដែលអាចបង្កើតបានជាសង្គមនយោបាយនោះ ។​
អ្វីដែលហៅថាសង្គម?
          សង្គមជាសមាគមរបស់អ្នកមានកម្មសិទ្ធិ ដែលចង់បានមធ្យោបាយដែលមានប្រសិទ្ធិភាព (តុលា​ការរួមមួយ និងប៉ូលីសមួយ) ដើម្បីថែរក្សាកម្មសិទ្ធិដែលគេរកបាន សមស្របទៅនិងច្បាប់ធម្មជាតិ ។ នៅក្នុងន័យនេះរដ្ឋគ្រាន់តែជាឧបករណ៍បំរើឲ្យកម្មសិទ្ធិតែប៉ុណ្ណោះ ។ រដ្ឋជាអ្នកធានារ៉ាប់រង មុខងារខាងប៉ូលីស និងតុលាការ ដែលកាលមុនស្ថិតនៅក្នុងកណ្តាប់ដៃរបស់បុគ្គល ។ នៅក្នុងសង្គមនយោបាយ ម្ចាស់កម្មសិទ្ធិ ម្នាក់ៗក៏ជាពលរដ្ឋផងដែរ ។​
                                  ទស្សនាទានស្តីអំពីអំណាច និង រដ្ឋ
          រដ្ឋរបស់ ឡុក គឺជារដ្ឋសេរី (l’etat libéral) ដែលមានតួនាទីតែម្យ៉ាង គឺដាក់ទណ្ឌកម្ម ដល់អ្នក រំលោភច្បាប់ ។ ក្រៅពីនេះរដ្ឋមានតួនាទីតិចបំផុត ។ ទស្សនាទានសេរីស្តីអំពីរដ្ឋរបស់ឡុកនេះ សម័យ ក្រោយមក គេឲ្យឈ្មោះថា “រដ្ឋអាវុធហត្ថ” (l’etat-gendarme) ។ ពាក្យ                សម័យថ្មី គេឲ្យឈ្មោះថារដ្ឋ សមស្គនិយម (Etat totalitaire) ឬរដ្ឋអតិបរមា “Etat maxima litaire” ចំពោះរដ្ឋដែលបុគ្គលរស់នៅក្នុងរដ្ឋ នោះលះបង់អ្វីទាំងអស់ដល់រដ្ឋ (រដ្ឋរបស់ហុប) ។ ចំណែករដ្ឋ អប្បបរមា “Etat minimalitaire” ជារដ្ឋដែលបុគ្គលប្រគល់ឲ្យរដ្ឋការពារតែសិទ្ធិរបស់គេតែប៉ុណ្ណោះ (រដ្ឋរបស់ឡុក) ។
          រដ្ឋរបស់ឡុក ជារដ្ឋមានព្រំដែន (Etat limité) ខុសពីរដ្ឋផ្តាច់ការ (Etat absolu) ។ ក្នុងរដ្ឋមានព្រំដែននេះ អំណាចមានការបែងចែក ។ ដូច្នេះហើយបានជាគេទុកឡុកថា ជាអ្នកទ្រឹស្តីសម័យថ្មីមួយរូប ដែលបានធ្វើការបែងចែកអំណាច ឬយ៉ាងហោចណាស់ ក៏បានធ្វើការវែកញែកអំណាចដែរ (distinction des pouvoirs) ។ ឡុកវែកញែកអំណាចជា បី ៖
          ក-អំណាចនីតិបញ្ញតិ ជាអំណាចមិនជាប់លាប់ ពីព្រោះ វាមិនចាំបាច់ធ្វើច្បាប់ជានិច្ចកាលនោះទេ អំណាចនីតិបញ្ញត្តិនេះ ត្រូវកាន់កាប់ដោយសភាមួយដែលប្រជុំគ្នាតាមកាលវេលា ។ សភានេះមិនប្រតិបត្តិ ច្បាប់ទេ ។​
          ខ-អំណាចនីតិប្រតិបត្តិ ជាអំណាចជាប់លាប់ ពីព្រោះវាជាការចាំបាច់ដែលត្រូវប្រតិបត្តិច្បាប់នោះ អំណាចនីតិប្រតិបត្តិនេះត្រូវកាន់កាប់ ដោយអង្គការផ្សេងពីអង្គការដែលកាន់អំណាចនីតិបញ្ញត្តិ ។​
          គ-អំណាចសហព័ន្ធ (Pouvoir fédératif) ឬអំណាចដឹកនាំទំនាក់ទំនងអន្តរជាតិ ចុះសន្ធិសញ្ញា ប្រកាសសង្គ្រាម ឬសន្តិភាព ។ អំណាចនេះកាន់កាប់ដោយអ្នកកាន់អំណាចនីតិប្រតិបត្តិ ។​
          ជាមួយគ្នានេះដែរ ឡុកបានដាក់ចុះនូវវិធានការពីទៀតសម្រាប់បង្ក្រាប់បន្ថែមទស្សនាទាននេះគឺៈ
          ១-ការបែងចែកសាសនា និងរដ្ឋឲ្យដាច់ពីគ្នា រវាងអំណាចសាសនា និងអំណាចនយោបាយ ។​
          ២-គឺការរក្សាសិទ្ធិតស៊ូចំពោះការគាបសង្កត់ ។ ឡុកនិយាយថា “ការបះបោរមានសារៈសំខាន់ណាស់ ប្រសិនបើរដ្ឋមិនបានបំពេញករណីយកិច្ចរបស់ខ្លួនទេនោះ” 

                                                       &&&



                                              សេចក្តីសន្និដ្ឋាន

    សៀវភៅគំនិតនយោបាយ ជាសៀវភៅមួយដែលចង់ឲ្យមនុស្សគ្រប់រូបត្រូវតែសិក្សាស្វែងយល់ដើម្បីដឹងកាន់តែច្បាស់នៅក្នុងសង្គមរស់នៅ ។ ក្នុងការសិក្សាប្រធានបទ សេរីនិយមអង់គ្លេសនៅសតវត្សទី១៧ យើងឃើញមានតួអង្អពីសំខាន់ គឺ លោក គូម៉ា ហុក និងលោក ឡុក ពួកគាត់មានគំនិតពីរផ្សេង ។




                                                ឯកសារយោង

     õ ដកស្រង់ចេញពីសៀវភៅ គំនិតនយោបាយ រៀបរៀងដោយ
           Fគង់ ភិរុណនិង លី  គឹមសុខ ១៩៩៦ (ភ្នំពេញ)វគ្គសិក្រឹតការមន្រ្តីជាន់ខ្ពស់ សាលា         ​​           ភមិន្ទរដ្ឋបាល ។





                                                    
                                                       
 

No comments:

Post a Comment